អភិបាល​ខេត្តកំពង់ចាម​ ​ចូលរួម​បើកវិញ្ញាសារបប្រឡងបាក់ឌុបនៅវិទ្យាល័យព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2019 ក+ ក-

កំពង់ចាម​ ៖ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ លោក អ៊ុន​ ចាន់ដា​​ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ និងបើកវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ​ នាសម័យប្រឡង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩​ នៅវិទ្យាល័​ ព្រះសីហនុ​​ ស្ថិតក្នុង​ក្រុង​កំពង់ចាម​ ដោយមានការ​អញ្ជើញ​ចូលរួមពី​ មន្ត្រីរាជការ​ ប្រធានគណៈមេប្រយោគ​ មន្ទីអបរំយុវជននិងកីឡា​ តំណាង​ក្រសួង​អប់រំយុវជន​និង​កីឡា​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត​ និងអ្នកសង្កេតការផងដែរ។​

នាឱកាស​នោះ​ដែរ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានជូនពរ និងប្រគេនពរដល់បេក្ខជនទាំងអស់ ឲ្យ​បានទទួលលទ្ធផលជាប់និងជោគជ័យ ហើយ​កុំភ័យខ្លាចអ្វីឡើយ​ ត្រូវ​តាំង​អារម្មណ៍​ គិតតែខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ​ ដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ និងបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត ដោយ​មានកងកម្លាំង​សហការណ៍​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន​ បាន​ការពារខាងសន្តិសុខ​ និងសុវត្ថិភាព​ ​ជូនដល់បេក្ខជន​ និងសិស្សដែលបានមកប្រលងផងដែរ។​

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា​ នៅឆ្នាំសិក្សា២០១៨-២០១៩ នេះ​ បេក្ខជនដែលបានដាក់ពាក្យប្រឡងមធ្យមសិក្សាទុតិយភូមិ​ សរុបចំនួន៦.០៤៦នាក់​​ ដែល​មានមណ្ឌលប្រឡងសរុបចំនួន១៤​កន្លែង​ ក្នុង​នោះ​នៅ​ក្រុងកំពង់ចាម​ មានចំនួន១០មណ្ឌល​ គឺមណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្យការ​ មណ្ឌលវិទ្យាល័យតេជោហ៊ុសែនបឹងកុក មណ្ឌលវិទ្យាល័យព្រះសីហនុ​ (ត្បូង​) មណ្ឌលវិទ្យាល័យព្រះសីហនុ​ (ជើង)​ មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច មណ្ឌលវិទ្យាល័យដីដុះ​ មណ្ឌលសាកលវិទ្យាល័យវេស្ទើន​ មណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ មណ្ឌលអនុវិទ្យាល័យទូលថ្ម និងមណ្ឌលសាលាបឋមសិក្សាឧត្តរ ។​ ស្រុកកំពង់សៀម​ មានចំនួន០២មណ្ឌល​គឺ​ ​វិទ្យាល័យសម្តេចជួនណាត និងសាលាបឋមសិក្សាអង្គរ ។​​ ស្រុកជើងព្រៃ​ មានចំនួន០២មណ្ឌគឺ​ វិទ្យាល័យហ៊ុនសែនស្គន់ និងសាលាបឋមសិក្សាស្គន់ ។ ក្នុងនោះ​មាន​ផ្នែកវិទ្យាសាស្រ​០៥មណ្ឌល ស្មើនឹង១២៧បន្ទប់​ បេក្ខជនសរុប ៣.១៣៨នាក់ ស្រី១.៨៥៩នាក់​ ។ផ្នែកវិទ្យាសាស្រ្តសង្គម​ មាន០៩មណ្ឌល ស្មើនឹង២០៤បន្ទប់, បេក្ខជនសរុប៥.០៥៤នាក់ ស្រី២.៦២៥នាក់​ ។​

សូមបញ្ជាក់ផងដែរថា គ្រប់មណ្ឌលទាំងអស់មានកងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យប្រចាំការ​ ដើម្បីរង់ចាំជួយសង្គ្រោះ ហើយកន្លែងផ្ញើរថយន្ត ម៉ូតូ កង់ គឺឥតគិតថ្លៃផ្ញើ​ផង​ដែរ​ ៕ ដោយ : សុផល