កម្ពុជា-វៀតណាម បើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧ ស្តីពីសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 August, 2019 ក+ ក-

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ជាម បិញមិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម នាព្រឹកថ្ងៃទី២១ ខែសីហានេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និង បច្ចេកទេស។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ សីហា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការនិងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវវិសាលភាពនិងប្រសិទ្ធិភាព នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរនៅក្នុងវិស័យនានា។

កិច្ចប្រជុំនេះដែរ ក៏នឹងផ្តល់កាលានុវត្តភាព សម្រាប់ភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌតំបន់ និង អន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

កិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៧នេះ នឹងជួយលើកកម្ពស់ថែមទៀត នូវចំណងមិត្តភាព ជាភាតរៈយូរអង្វែង និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាពនិងវិបុលភាពនៅក្នុងតំបន់និងសកលលោកផងដែរ ៕