ផ្លូវ ស្ពាន លូ ជាច្រើនកន្លែងនៅស្រុលជាំក្សាន្តរងការដោយសារទឹកជំនន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2019 ក+ ក-

ព្រះវិហារ ៖ គ្រោះធម្មជាតិនៃជំនន់ទឹកភ្លៀង នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានធ្វើឲ្យហេត្ថារចនាសម្ព័ន្ធជាច្រើន ក្នុងឃុំចំនួន៣ រងនូវការខូចខាត ជាពិសេសគឺផ្លូវលំគ្រួសក្រហមជាច្រើនពាន់ម៉ែត្រ ត្រូវទឹកជំនន់ហូរដាច់ និងច្រោះ ព្រមទាំងស្ពាន.លូជាច្រើនកន្លែងស្រុតបាក់ នឹងផ្ទៃដីកសិកម្មស្រែចំការ របស់ប្រជាពលរដ្ឋ ជាច្រើនហិកតារងការខូច និងនៅកំពុងជន់លិចផងដែរ។

យោងតាមរបាយការណ៍ ដែលទទួលបានពីលោក សេត សែន មេឃុំរំដោះស្រែ បានបង្ហាញថា ឃុំរំដោះស្រែ ជំនន់ទឹកភ្លៀងដោយគិតចាប់ពីថ្ងៃទី៣១ ខែសីហា រហូតមកដល់ថ្ងៃទី៦ ខែកញ្ញា គ្រោះធម្មជាតិទឹកជំនន់ បានធ្វើឲ្យផ្លូវលំគ្រួសក្រហមជនបទប្រវែង១៧៧២ម៉ែត្រ និងផ្លូវលំគ្រួសក្រហមមូលនិធិឃុំប្រវែង១១០៨ម៉ែត្រ រងនូវការហូរដាច់ និងច្រោះ ហើយស្ពាន លូ អណ្ដូង សរុបចំនួន២៩កន្លែង ក៏បានរងការបាក់ស្រុត ផងដែរ។ របាយការណ៍បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា បង្គន់អនាម័យចំនួន៨ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង រួមនិងផ្ទៃដីបង្កបង្កើនផល របស់ប្រជាពលរដ្ឋចំនួន១៤៩ហិកតា ក៏បានរងការខូចខាត ដោយសារទឹកជំនន់នេះផងដែរ។

ជាមួយនឹងស្ថានភាពទឹកជំនន់នេះដែរ លោក ហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់បា្រប់ឲ្យដឹង នៅថ្ងៃអាទិត្យ ទី៨ ខែកញ្ញា តាមប្រព័ន្ធTelegram មកថា ផ្លូវលំក្រាលគ្រួសក្រហមជនបទប្រវែង១.៥៣៥ម៉ែត្រ និងក្បាលលូ ចំនួន២កន្លែង ក៏បានរងនូវការខូចខាត ដោយទឹកហូរធ្វើឲ្យដាច់ និងច្រោះ ស្រុតផងដែរ។ លោកមេឃុំក៏បានបញ្ជាក់ថា បច្ចុប្បន្នជំនន់ទឹកភ្លៀង នៅកំពុងជន់លិចផ្លូវជាង២០០០ម៉ែត្រ នឹងផ្ទៃដីស្រែចំការ របស់ប្រជាពលរដ្ឋជាច្រើនហិកតាផងដែរ។ លោកមេឃុំបានបន្ថែមឲ្យដឹងទៀតថា ទោះបីជាជំនន់ទឹកភ្លៀងកំពុងស្រកចុះទៅវិញជាបណ្តើរៗហើយក្តី ប៉ុន្តែការស្រកចុះនេះមានសភាពយឺតខ្លាំងណាស់។

ដោយឡែកសេចក្តីរាយការណ៍ពីឃុំព្រីងធំ បានឲ្យដឹងដែរថា ខ្សែ ផ្លូវលំគ្រួសក្រហមពីភូមិអូរកក់ទៅដល់ភូមិក្រឡាពាស ក៏បានជន់លិចចំនួន៣កន្លែង និងលូចំនួន ៤កន្លែង មានប្រវែងលិចសរុបស្មើនឹង១.៧០០ម៉ែត្រ។ ក្នុងនោះដោយចំណុចលិចទី១ មានផ្លូវប្រវែង៦០០ម៉ែត្រ និងលូទោលចំនួន១កន្លែង។ ចំណុចលិចទី២ ប្រវែង៣០០ម៉ែត្រ លូភ្លោះចំនួន១កន្លែង។ និងចំណុចលិចទី៣ ប្រវែង៨០០ម៉ែត្រ លូប្រអប់ចំនួន២កន្លែង នៅភូមិក្រឡាពាស។

សូមជម្រាបថា នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា នេះ ស្ថានភាពទឹកស្ទឹងសែន ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានកម្ពស់ ១៤.០៦ម៉ែត្រ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ៕