អភិបាលខេត្ដកំពង់ចាមចុះសួរសុខទុក្ខពលរដ្ឋដែល​ស្នាក់នៅលើទួលសុវត្ថិភាពដោយសារទឹកជំនន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្ត នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ បាន អញ្ជើញ ធ្វើដំណើរតាមផ្លូវទឹកចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងបន្តការហក់ឡើង និងទីទួលសុវត្ថិភាពនៅភូមិកំពង់ឪជ្រឹង ឃុំពង្រ ភូមិកំពង់លើ ឃុំពង់រាប និងភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ព្រមទាំងបានធ្វើ ការសាកសួរសុខទុក្ខអំពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនោះផងដែរ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើតកាប្រុងប្រយ័ត្ន ខ្ពស់ចំពោះគ្រោះធម្មជាតិដោយទឹកជំនន់នេះ ពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះកុមារតូចៗគឺត្រូវ យកចិត្តទុកដាក់ ខ្ពស់ ក្នុងការការពារសុវត្ថិភាព និង អប់រំកូនចៅកុំឲ្យលេងទឹកនៅតំបន់ដែលមានហានិភ័យខ្ពស់ ហើយក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះ សត្វអសិរពិសនានាចឹក ឬខាំ ព្រមទាំងមានការថែទាំសុខភាពគឺត្រូវហូបស្អាត ផឹកស្អាត និងរស់នៅប្រកបដោយអនាម័យទៀតផង។ ក្នុងករណីបើមានអ្នករងរបួសដោយសត្វ អាសិរពិស ឬជំងឺផ្សេងៗកើតឡើង សូមប្រញាប់ប្រញាល់ បញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ ធ្វើការព្យាបាល ភ្លាមៗយ៉ាងមានប្រសិទ្ធភាពបំផុត។

ជាមួយគ្នានោះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើការណែនាំ និងត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយ រងគ្រោះ ដោយទឹកជំនន់នេះផងដែរ ។

ដោយឡែក នារសៀលថ្ងៃដដែលនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងការដ្ឋានទំនប់ការពារទឹកជំនន់ ប្រវែង ២.២០០ម៉ែត្រ ស្ថិតនៅ ក្នុង ភូមិបឹងសាងកើត និងភូមិបឹងសាងលិច ឃុំសូគង ស្រុកកងមាស ព្រមទាំង បានជួយឧបថម្ភនូវថវិការដល់គណៈកម្មការជួសជុលទំនប់ចំនួន ១០លានរៀល ដេីម្បីចែទាំ ទំនប់ការពារទឹកជំនន់ មិនឲ្យហូរជន់លិចភូមិចំនួន៣ផ្សេងទៀតនៅខាងក្រោមនោះផងដែរ។

បើយោងតាមរបាយការណ៍របស់លោក អ៊ុ វិបុល ប្រធាន មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ ថា ចាប់គិតត្រឹមព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានហក់ឡើងកម្ពស់ ១៥,៦៤ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ កើនឡើង០,២៩ម៉ែត្រដែលខ្ពស់ជាងកំរិតប្រកាសអាសន្ន១៥.២០ម៉ែត្រ ដោយឡែកឆ្នាំ ២០១៨ កន្លងទៅ ទឹកមានកម្ពស់ ១៤,៨៣ម៉ែត្រ ៕ ​ដោយ ៖ ប៉ែន សុផល