រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៣ នីតិកាលទី៦ នាព្រឹកថ្ងៃទី៤ ខែតុលា ចុងសបា្តហ៍នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2019 ក+ ក-

ភ្នំពេញ ៖ បន្ទាប់ពីវិស្សមកាលរយៈពេលបីខែមក រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានសម្រេចរបៀបវារៈសម្រាប់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ចំនួន៧ ដែលរួមមាន៖ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦, ២-របាយ ការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦, ៣-ការ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី, ៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសំណង់, ៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក, ៦-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និង៧-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម៕