អ្នករត់ម៉ូតូ Passapp ជិត១០០នាក់ សុំអន្តរាគមន៍បន្ទាប់ពីសន្តិសុខក្រុមហ៊ុនកាស៊ីណូ Paramax មិនឲ្យចូលដឹកភ្ញៀវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2020 ក+ ក-

បន្ទាយមានជ័យ ៖ អ្នករត់ម៉ូតូកង់បីPassapp ប្រមាណជិត១០០នាក់ បានមកផ្តុំគ្នានៅមុខសលាក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ដើម្បីស្នើសុំឲ្យអាជ្ញាធរក្រុងជួយរកដំណោះបន្ទាប់ពីសន្តិសុខក្រុមហ៊ុនកាស៊ីណូ Paramax មិនឲ្យចូលដឹកភ្ញៀវ ខណៈមានភ្ញៀវបានbookingជិះ។

ក្រុមអ្នករត់ម៉ូតូកង់បី(passapp)បានឲ្យដឹងថា ការផ្តុំគ្នានៅមុខសាលាក្រុងប៉ោយប៉ែតនេះ គឺដើម្បីស្នើសុំឲ្យអាជ្ញាធរ ជួយរកដំណោះស្រាយ ឲ្យពួកគាត់បានចូលទៅដឹកភ្ញៀវតាមការbookingរបស់ភ្ញៀវ នៅបរិវេណកាស៊ីណូ ផារេមិក ដោយកន្លងមក សន្តិសុខ ក៏ដូចជាម៉ូតូរត់ឌុបនៅទីនោះ មិនអនុញ្ញាតិឲ្យជិៈម៉ូតូកង់បី Passappរបស់ពួកគាត់ និងបានទាញភ្ញៀវចុះ ដោយសំអាងថា ខ្លួនជាអ្នករត់ម៉ូតូឌុបបានបង់ខែឲ្យទៅក្រុមហ៊ុនកាស៊ីណូខាងលើផងដែរ។

ពួកគាត់សំណូមពរឲ្យលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ជួយរកដំណោះស្រាយដោយអនុញ្ញាតឲ្យពួកគាត់បានរកស៊ីចិញ្ចឹមជីវិតផង ព្រោះពួកគាត់ចូលទៅដឹកភ្ញៀវតាមការ booking របស់ភ្ញៀវ និងនៅលើផ្លូវសាធារណៈដែលភ្ញៀវបានដើរចេញមកក្រៅជិៈម៉ូតូកង់បី(Passapp)តែប៉ុណ្ណោះ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា សំណើរនេះ លោកទទួលយក និងធ្វើហៅតំណាងក្រុមហ៊ុនកាស៊ីណូខាងលើ ធ្វើការជជែកគ្នា ដើម្បីរកដំណោះស្រាយ ហើយក៏អរគុណដល់បងប្អូនជាអ្នករត់ម៉ូតូកង់បី(Passapp) ដែលមកធ្វើការស្នើសុំរកដំណោះស្រាយតាមនីតិវិធី មិនធ្វើបាតុកម្ម និងមិនបង្កឲ្យមានអំពើហិង្សា។

ពាក់ព័ន្ធនឹងបញ្ហាហាមឃាត់ក្រុមអ្នករត់ម៉ូតូកង់បី (Passapp) មិនឲ្យដឹកភ្ញៀវនេះ អ្នកសារព័ត៌មានមិនអាចទំនាក់ទំនង ទៅកាន់ប្រធានសន្តិសុខក្រុមហ៊ុនធ្វើការបំភ្លឺបានឡើយ ដោយគ្មានលេខទំនាក់ទំនង៕