ឆេះផ្ទះអស់ជាង១០០ខ្នងទាំងកណ្តាលយប់ក្នុងខណ្ឌឫស្សីកែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2020 ក+ ក-

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមអតីតផ្លូវរថភ្លើង កែងនិងទំនប់៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះជាពលរដ្ឋមួយកន្លែងរួចបង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាសន្ធោសន្ធៅរួចបានរាលដាលដល់ផ្ទះផ្សេងៗទៀតរួចបងប្អូនជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រេីនគ្រឿងមកបាញ់ពន្លត់។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះគឺរងការខូចខាតផ្ទះប្រជាពលរដ្ឋអស់១៥១ខ្នងដោយសារផ្ទះប្រជាពលរដ្ឋនៅទីតាំងកើតហេតុខាងលើនេះតូចៗនិងសម្បូរទៅដោយសង់អំពីឈើប្រក់ស័ង្កសី ចំណែកទ្រព្យសម្បត្តិវិញសមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថាអស់ប៉ុន្មាននៅឡើយទេ តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះខាងលេីនេះ សង្ស័យបណ្តាលមកពីឆ្លងចន្តអគ្គិសនី ។ ចំណែករថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ចំនួន៤១គ្រឿងនិងប្រេីប្រាស់អស់៤១គ្រឿងផងដែរ ដោយរលត់ទៅវិញនៅវេលា៣ និង២០នាទីរំលងអាធ្រាត ថ្ងៃដដែល ៕