ធនាគារជាតិម្ពុជា ៖ ឆ្នាំ២០២០ កម្ពុជានឹងរក្សាកំណើនសេដ្ឋកិច្ច ៧ភាគរយ ទោះបីគ្មាន EBA ក៏ដោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2020 ក+ ក-

ភ្នំពេញ ៖ បើទោះបីជាសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ក៏ការនាំចេញរបស់កម្ពុជា នៅតែបន្ដកើនឡើង និងរំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៧ភាគរយ នៅក្នុងឆ្នាំ ២០២០ នេះ ។ នេះបើតាម របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលមានចំណងជើងថា «វឌ្ឍនភាពម៉ាក្រូ សេដ្ឋ កិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» បានបញ្ជាក់ថា «កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ត្រូវបានរំពឹងថា អាចសម្រេចបានក្នុងរង្វង់ ៧ភាគរយ ជាមួយ នឹងកម្រិតអតិផរណាប្រមាណ ២,៣ភាគរយ។ ការរំពឹងទុកនេះ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្ដល់ អំណោយផលដល់ការនាំ ចេញ ការវិនិយោគរបស់បរទេស និងវិស័យទេសចរណ៍នៅកម្ពុជា ខណៈដែលសេដ្ឋកិច្ច ទទួលបានលទ្ធផលជាលំដាប់ ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ី ជម្រៅ សម្រាប់គាំទ្រដល់ការរីកចម្រើន នៃសេដ្ឋកិច្ចប្រកបដោយចីរភាព»។
របាយការណ៍ដដែលបានអះអាងថា បើទោះបីជាសហភាពអឺរ៉ុប ដែលអាចនឹងសម្រេចដក EBA ពីកម្ពុជានៅខែកុម្ភៈ ឆ្នាំ២០២០ ក្តី ក៏ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា នៅតែបន្ដមានកំណើនតាមការរំពឹងទុក។
គួរជម្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសម្រួលការធ្វើពាណិជ្ជកម្ម ព្រមទាំងបានអនុវត្តការកែទម្រង់ចាំបាច់នានា សំដៅបង្កើតបរិយាកាសកាន់តែអំណោយ ផលដល់ការវិនិយោគ ជំរុញផលិតកម្មក្នុងស្រុក និងលើកម្ពស់ការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញជាដើម។
ដោយឡែក ការកំណើនប្រាក់ឈ្នួលអប្បបរិមានៅកម្ពុជា មិនទាន់មានផលប៉ះពាល់ ទៅលើការប្រកួតប្រជែងរបស់កម្ពុជានោះទេ ដោយសារការបង្កើនមានលក្ខណៈសន្សឹមៗ ស្របពេលដែលផលិតភាពក៏បានកើនឡើងផងដែរ៕