ថ្ងៃខួប៧មករា ប្រធានបក្សកាន់អំណាចប្តេជ្ញាការពារសន្តិភាព និងបង្កើនល្បឿនសេដ្ឋកិច្ចជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2020 ក+ ក-

ភ្នំពេញ ៖ នៅក្នុងមីទ្ទីញអបអរសាទរខួបលើកទី៤១ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា ៧៩ – ៧ មករា ២០២០ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលេចនូវសមិទ្ធផលធំរបស់គណបក្សកាន់អំណាច ដែលបានធ្វើឲ្យជីវភាពពលរដ្ឋកាន់តែប្រសើរ ជាមួយនឹងការរក្សាកំណើនសេដ្ឋកិច្ចជាតិ។ ថ្ងៃខួប ០៧ មករា នេះដែរ ប្រធានគណបក្សកាន់អំណាច ប្តេជ្ញារក្សាសន្តិភាព និងការពារឯករាជ្យ អធិបតេយ្យភាពជាតិកម្ពុជា ទោះស្ថិតនៅក្នុងកាលៈទេសៈ និងស្ថានភាពណាក្តី ។

សមិទ្ធផលធំៗ ដែលប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលេចនៅចំពោះមុខមហាជនជាង៣ម៉ឺននាក់ និងផ្សាយគ្រប់បណ្តាស្ថានីយ៏ទូរទស្សន៍ គឺការរក្សាបាន នូវសុខសន្តិភាព សន្តិសុខសណ្នាប់ធ្នាប់ ការពង្រឹងខឿនសេដ្ឋកិច្ច ពាណិជ្ជកម្ម ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងការប្តេជ្ញាប្រែក្លាយជាប្រទេសឲ្យមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

បើតាមសម្តេចតេជោ ៤១ឆ្នាំមក នេះ កម្ពុជា បានពុះពារគ្រប់ឧបសគ្គ និងការលំបាកច្រើនឥតគណនា ឆ្លងកាត់ ដំណាក់កាលប្រវត្តិសាស្ត្រ ដើម្បីរស់ឡើងវិញ។ កម្ពុជា សម្រេចបាននូវការកែ ទម្រង់រដ្ឋស៊ីជម្រៅ និងទូលំទូលាយ ការកាត់បន្ថយភាពក្រីក្រឲ្យកំរិតទាប ជួយ លើកកំពស់សុខុមាលភាពជីវភាពប្រជាជន តាមរយៈគោលនយោបាយជាតិ គាំពារសង្គម និងការលើកកំពស់ជីវភាពរបស់កសិករនៅមូលដ្ឋាន។ ក្នុងនាម ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានប្រកាសការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យភាពជាតិ ទោះស្ថិតនៅក្នុងកាលៈទេសៈ និងស្ថានភាពណាក្តី ហើយការប៉ុនប៉ងណាដែលធ្វើឲ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយដាក់បង្ខំ ឲ្យកម្ពុជាមិនអាចអនុវត្តសូម្បីតែច្បាប់ជាតិរបស់ខ្លួននោះ គឺពុំអាចទទួលយក បានឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យជនរួមជាតិ បន្តរួបរួមសាមគ្គីគ្នា ជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាលកម្ពុជា នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់នៃ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដើម្បីឈានឆ្ពោះទៅរកអនាគតដ៏រុងរឿង។ គួរបញ្ជាក់ដែរ ឆ្នាំ២០១៩ កម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ចំណែកផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់កើនពី១៥៤៨ ក្នុងឆ្នាំាំ២០១៨ ដល់ប្រមាណ១៦៧៩ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយមកក្រោម១០ភាគរយ នាបច្ចុប្បន្ន។ កម្ពុជារក្សាបានសន្តិសុខការងារ ដោយអត្រាគ្មានការងារធ្វើមានប្រមាណ ០,៣ភាគរយ ប៉ុណ្ណោះ៕