ខ្មាន់កាំភ្លើងនាំបុរសម្នាក់មកបាញ់សម្លាប់ក្នុងហាង ស៊ុប និងខារ៉ាអូខេគ្រួសារ នៅសង្កាត់បឹងរាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2020 ក+ ក-

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន​ខ្មាន់កាំភ្លើងនាំយកមកបាញ់សម្លាប់ នៅក្នុងនៅភោជនីដ្ឋានមួយកន្លែងយីហោ«ហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ »នៅវេលាម៉ោងជាង ៤ ទៀបភ្លឺ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នេះ ស្ថិតនៅចំណុច ផ្លូវត្រសក់ផ្អែម (ផ្លូវ៦៣) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុគ្គលិកក្នុងហាង ដែលបានឃើញហេតុការណ៍នេះបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀតដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នា ចូលមកហូបស៊ុប។ ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះអង្គុយស្លាប់លើតុ តែម្តងដោយគ្មានឮប្រកែកគ្នាអ្វីមួយមាត់ទេ។

បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ជនដៃដល់ក៏បានដើរចេញពីហាង ដោយមានបុរស ២នាក់ផ្សេងទៀត បើករថយន្ត និងជិះម៉ូតូ ១គ្រឿងមកទទួល បើកគេចខ្លួនបាត់។ភ្លាមៗ ជនរងគ្រោះមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនោះឡើយ ដោយរង់ចាំមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យសិន។

ព័ត៌មានលម្អិត នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕