សម្តេចតេជោ ៖ ជំងឺកូរ៉ូណា ជាក្តីកង្វល់រួមរបស់ពិភពលោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយ លោកស្រី ហាក់ ចា ហានមូន ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល នៅព្រឹកម៉ិញ មុនបើកកិច្ចប្រជុំកំពូលស្តីពីសន្តិភាព។ បញ្ហានៃជំងឺវីរុសកូរ៉ូណា នៅប្រទេសចិន ជាប្រធានស្នូលនៃជំនួបពិភាក្សានេះ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនិងប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ពិសេសទាក់ទិនទៅនិងបម្រែ បម្រួលអាកាសធាតុ និងការវិវត្តន៍ថ្មីៗ នៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុល នៅទីក្រុងវូហាន ប្រទេសចិន ដែលជាកង្វល់ពិតប្រាកដរបស់ពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា បញ្ហានៃការបម្រែ បម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុល គឺមិនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធី សាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។

លោកស្រី ហាក់ ចាហានមូន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ ស្របពេល នៃការផ្ទុះមានឡើងនៃជំងឺប្រភេទថ្មី គូរ៉ូណាវីរ៉ុស នៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន។

សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់ សម្តេចសម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញ សម្តេចមានឆន្ទះពិតប្រាកដជាមួយ មេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិសុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុងប្រឈម និងរួមគ្នាដោះស្រាយ។ សម្តេចតេជោមានប្រសាសន៍ បានបញ្ជាក់ថា នៅថ្ងៃស្អែកទី៥ កុម្ភះ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហាន កុំឲ្យមានការភ័យខ្លាច ចំពោញការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស៕