សម្ដេចតេជោប្រកាសអនុញ្ញាតឲ្យអ្នកដំណើរក្នុងកប៉ាល់ WESTERDAM ដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2020 ក+ ក-

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ដ៏ធំមួយរបស់សហរដ្ឋអាមេរិក ចូលសំចតនៅក្នុងកំពង់ផែ ខេត្តព្រះសីហនុ និងសម្រួលគ្រប់កិច្ចការពាក់ព័ន្ធជូននោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យអ្នកដំណើរ ក្នុងនាវាជាង២,០០០នាក់ ដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់។

ក្នុងឱកាសអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កា ដល់អ្នកទេសចរ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រកាសមិនឲ្យមានការរើសអើងភ្ញៀវទេសច ដែលចេញពីនាវានេះទេ មិនតែនៅខេត្តព្រះសីហនុ ឬនៅទីណានោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្ដេចបានណែនាំឲ្យត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកនៅលើនាវា ទៅតាមកោះនានានៅក្នុងខេត្តព្រះសីហនុ ប្រសិនបើអ្នកទាំងអស់នោះត្រូវការ ខណៈដែលយន្ដហោះចំនួន៤គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ក៏ត្រៀមដើម្បីដឹកមកអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបើកឱកាសសម្រាប់អ្នកនៅលើនាវាទាំងអស់ អាចចាកចេញទៅធ្វើដំណើរកម្សាន្ដ នៅក្នុងខេត្តព្រះសីហនុ ហើយបើសិនមានបំណងទៅទស្សនកិច្ច នៅខេត្តសៀមរាប ទីនោះយើងនឹងបង្កលក្ខណៈងាយស្រួលមានក្រុមហ៊ុន អាកាសចរណ៍កម្ពុជាអង្គរអ៊ែរ៤គ្រឿង ដែលបានត្រៀមរៀបចំសម្រាប់ការជួយដឹកជញ្ជូន គឺផ្ដល់ឱកាសសម្រាប់អ្នកដែលនៅនាវាដើម្បីចុះទៅងូតទឹកសមុទ្រ និងកន្លែងនានាដែលលោកតំណាងសហរដ្ឋអាមេរិកបានលើកសំណើមិញ ខ្ញុំបានឆ្លើយតបរួចហើយអនុញ្ញាត ឲ្យពួកគាត់បានចុះទៅលេងកម្សាន្ដ»។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកបម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាននៅក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ បើសិនជាមានការឆ្លងណាមួយ គឺឆ្លងចំពោះសម្ដេចតែម្ដង។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋកម្ពុជា នឹងយកការទទួលខុសត្រូវមួយក្នុងឋានៈជាអ្នកដែលបានចូលរួមចំណែក ដើម្បីលើកស្ទូយដល់សិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង ហើយសម្រាប់ពីព្រលានយន្ដហោះកងកេង ទៅកាន់ព្រលានយន្ដហោះភ្នំពេញ បានរៀបចំនៅទីកន្លែងនោះយ៉ាងល្អហើយដែរ ដូច្នេះសូមកុំមានការភ័យខ្លាចអំពីការដែលត្រូវឆ្លងជំងឺនេះ ឬជំងឺនោះ។

យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕