​​ទិវា​នៃ​ក្ដី​ស្រលាញ់​១៤កុម្ភៈ, អភិបាល​ខេត្តកំពង់ចាម​​ផ្តល់​អាហារ​សម្រាប់​​កុមារ​កំព្រា​ទទួលទាន ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2020 ក+ ក-

ខេត្តកំពង់ចាម​ ៖ ដើម្បី​ជាការលើក​ទឹកចិត្ត​​ដល់​ក្មួយៗ​កុមារ​កំព្រា​​ឲ្យ​មាន​ការ​ខិតខំ​រៀនសូត្រ​ ក្រេបជញ្ជក់​យក​ចំណេះដឹង​ ដើម្បី​យក​ទៅ​កសាង​អនាគត​ខ្លួន​ឯងផងនោះ​ នៅ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​១៤​ កុម្ភៈ​ ឆ្នាំ​២០២០នេះ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ លោក​​ អ៊ុន​ ចាន់ដា​ បាន​​ផ្កល់​អាហារ​យ៉ាង​ឈ្ងុយឆ្ងាញ់​សម្រាប់ក្មួយៗ​ដែល​ជា​កុមារ​កំព្រា​ នៃ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ ព្រមទាំង​បាន​សន្យា​ថា​នឹង​ផ្តល់​អាហារ​ពិសេស​នៅ​ថ្ងៃ​៨មីនា​ និង​ថ្ងៃ​ជិត​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ជា​បន្តបន្ទាប់នាថ្ងៃខាងមុខ​ផង​ដែរ​​។

លោក ​នៅ​ វណ្ណៈ​ ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ មជ្ឈមណ្ឌលនេះ ស្ថិតក្នុងការគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយកន្លងមក ទាំងអាជ្ញាធរខេត្ត ពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាពកុមារកំព្រាគ្រប់ទីកន្លែង​ បូករួមទាំងនៅក្នុងខេត្តកំពង់ចាមនេះផងដែរ។​
ជាមួយ​គ្នា​នោះ​មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម​ មាន​កុមារ​ក្នុង​មណ្ឌល​សរុប​៧៣នាក់​ ក្នុង​នោះ​កុមារ​រៀនខាងក្រៅ១០នាក់​ ផ្នែក​អគ្គិសនី​៣នាក់​ ផ្នែក​លេខាធិការ​៥នាក់​ និង​ផ្នែក​រីសីប២នាក់​ ផង​ដែរ។ ដោយ​ឡែក​ មន្ត្រីក្របខណ្ឌ​ និងបុគ្គលិកកិច្ចសន្យា១១នាក់ ដែល​កំពុងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់មណ្ឌល លទ្ធផលសម្រេចបាន​៖​ សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម​ ប្រជុំមេដោះ០២សប្តាហ៏ម្តង និង១ខែម្តង​ ក្នុងការមើលថែទាំកុមារ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់​។ ប្រជុំកុមារ ១ខែម្តង អំពីវិន័យ ការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល ស្តាប់ដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាសពិសេសជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ​ដើម្បី​ថ្ងៃអនាគត​។ ទំនេរ​ពី​ការ​សិក្សា​ មេដោះបាននាំកុមារដាំដំណាំ​ បន្លែ​ស្ពៃក្ដោប​ ផ្កា​ខាត់ណា​ ស្ពៃខៀវ​ ត្រកួន​ពោត​ និង​ដំឡូង​ ព្រមទាំង​ចិញ្ចឹមមាន់ ទា និងត្រី​ ផង​ដែរ​៕ ដោយ ៖ ស៊ាន ច័ន្ទដា