សម្តេចម៉ែព្រះរាជទាន១ម៉ឺនដុល្លាររួមចំណែកកសាងវត្ត សុវណ្ណមុនីសាគរ សំរោងអណ្តែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទី គោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ព្រះរាជទាននូវព្រះ រាជ ទ្រព្យចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការកសាងវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ដែលស្ថិតសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរយៈលោកជំទាវ គាំ គឹមអាន អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ដែលបាន នាំយកព្រះ រាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ប្រគេនដល់ វត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន ព្រះអនុ គណ ខណ្ឌ សែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនី សាគរ សំរោងអណ្តែត មន្ត្រី សង្ឃ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានសម្តែង នូវក្តីសោមនស្ស ត្រេកអរជាពន់ពេក ដែលហ្លួងម៉ែ បានសព្វព្រះរាជហឫទ័យព្រះរាជទាន ព្រះ រាជទ្រព្យរបស់ព្រះអង្គចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការកសាង វត្តសំរោងអណ្តែត នាពេលនេះ។

ព្រះសាក្យវង្ស រ័ត្ន សារឿន បានគូសបញ្ជាក់ថា ហ្លួងម៉ែ គឺជាអង្គព្រះរាជូបត្ថម្ភដ៏សកម្ម ទៅ លើវិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងកិច្ចការមនុស្សធម៌ទាំងក្នុងនិងក្រៅប្រទេសដែល ព្រះរាជកាយវិការ ព្រះអង្គបែបនេះ គឺជាព្រះគំរូដ៏ល្អមួយនៃសង្គមកម្ពុជា។

ឆ្លៀតយកឱកាសនេះ ព្រះសាក្យវង្ស រ័ត្ន សារឿន បានជម្រាបជូនលោកជំទាវ គាំ គឹមអាន អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ដែលជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងការដឹកនាំ កសាងវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ក្នុងរយៈពេលជិត ៤០ឆ្នាំកន្លងមកនេះថា ទទួលបាននូវសមិទ្ធផលជាច្រើនទុកសម្រាប់បំរើដល់សេចក្តីត្រូវការរបស់ពុទ្ធសាសនា នៅ កម្ពុជា ដែលសមិទ្ធផលទាំងនេះបានកើតចេញពីការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី ហើយនៅពេលនេះទៀតសោត វត្តទទួល បាននូវព្រះរាជូបត្ថម្ភជាថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិកពី ហ្លួងម៉ែបន្ថែម ដែលជាការញ៉ាំង ឱ្យមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តមានក្តីសប្បាយរីក រាយឥតឧបមា។

ក្នុងឱកាសនេះ លោកជំទាវ គាំ គឹមអាន ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ហ្លួង ម៉ែ បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលនានាជាច្រើននៅក្នុងវត្ត សុវណ្ណមុនី សាគរ សំរោងអណ្តែតនេះ ដែលកើតចេញពីកម្លាំងសាមគ្គីជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ និង ប្រជាពុទ្ធបរិស័ទ ដោយក្នុងរយៈពេលជិត ៤០ឆ្នាំមកនេះ វត្តសំរោងអណ្តែតក្រោមការដឹក នាំរបស់សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន ធ្វើឱ្យមានការរីកចំរើន ជាខ្លាំង៕