អង់គ្លេស​បន្ត​ផ្តល់​ថវិកា​ដើម្បី​បញ្ចប់​កម្មវិធី​សកម្មភាព​មីន​សកល​ទី​២​ នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2020 ក+ ក-

ភ្នំពេញ ៖ ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២០​នេះ លោកទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញា​ធរ​មីន​​ បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សកម្មភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា​នៅ​និវេសនដ្ឋាន​ឯកអគ្គ​រាជ​ទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​។ កម្មវិធី​នេះ​មាន​ការចូលរួម​ពី​ប្រតិបត្តិករ HALO Trust MAG និង​ អង្គការ​ NPA។

ក្នុង​ឱកាស​នោះ​ លោកស្រី​​ Tina Redshaw​ បាន​មាន​ប្រសាសន៍​ថា​ ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ថវិកា​ចំនួន​៤,៣​លាន​ដុល្លារ​អាមេរិក​ បន្ថែម​ជួយ​ដល់​កម្មវិធី​សកម្មភាព​មីន​សកល​ទី​២​ (GMAP2) ក្នុង​រយៈ​ពេល​១ឆ្នាំ​ ដែល​បញ្ចប់​នៅ​ខែ​មីនា​ ឆ្នាំ​២០២១​មុននឹង​ចាប់​ផ្តើម​បន្ត​កម្មវិធី​សកម្មភាព​មីន​សកលទី៣ ឆ្នាំ​២០២១​ ។ លោក​ស្រី​ឯកអគ្គ​រាជ​ទូត​​ បាន​បញ្ជាក់​បន្ថែម​ថា​ កម្ពុជា​ និង​ចក្រភព​អង់គ្លេស​មាន​បេសកកម្ម​រួម​គ្នា​ក្នុង​ការ​ចូលរួម​សង្រ្គោះជីវិត​​មនុស្សឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​នៅ​កម្ពុជា​។

ជា​ការ​ឆ្លើយតប​ ក្នុង​នាមសម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន​​ លោកទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​ចក្រភព​អង់គ្លេស​ ដែល​បាន​ចូលរួម​ជួយ​ដល់​ការងារ​បោស​សម្អាត​មីន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​ លើ​ផ្ទៃ​ដី​ជាង​ ១២២​ គីឡូម៉ែត្រ​ក្រឡា​ និង​រក​ឃើញ​គ្រាប់​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ជិត​ ៧​ ម៉ឺន​គ្រាប់​​​។ ​ទន្ទឹមនោះលោក​ទេសរដ្ឋមន្រ្តី​​ក៏បាន​ស្នើ​សុំឲ្យចក្រភព​អង់គ្លេស​ បន្ត​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អនុវត្ត​នូវ​​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ (២០១៨-២០២៥)​ ដើម្បី​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​ដែល​គ្មាន​គ្រោះ​ថ្នាក់ដោយ​សារ​មីន​ និង​គ្មាន​មីន​ឆ្នាំ​២០២៥​៕