គ្រួសារ​សព​នៅ​កំពង់ចាម​គ្រោង​ប្ដឹង​មន្ទីរពេទ្យ​កាល់ម៉ែត​ថា​ទុក​ឲ្យ​អ្នកជំងឺ​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2014 ក+ ក-

ភ្នំពេញ​៖​ពលរដ្ឋ​នៅ​ខេត្តកំពង់ចាម ម្នាក់ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់ពី​បាន​បញ្ជូន​ដល់​ទៅ​បន្ទប់សង្គ្រោះបន្ទាន់ និង​ព្យាបាល​នៅ​ទីនោះ​ រយៈពេល​មួយថ្ងៃ​។​
​ការស្លាប់​នោះ ធ្វើឱ្យ​ក្រុមគ្រួសារ​សព​នៅតែ​មិន​អស់ចិត្ត ដោយ​អះអាង ថា ស្ថានភាព​អ្នកជំងឺ​មិនគួរ​ស្លាប់​នោះទេ ប៉ុន្តែ គឺ​ដោយសារ​ការមិន​យក ចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​ពី​សំណាក់​គ្រូពេទ្យ នៅ​ទីនោះ បន្ទាប់ពី​គ្រួសារ​អ្នកជំងឺ​ប្រាប់ថា គ្មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បង់​ឱ្យ​។ ក្រុមគ្រួសារ​សព គ្រោង​នឹង​ប្ដឹង​មន្ទីរពេទ្យ​មួយ​នេះ ចំពោះ​ការស្លាប់​របស់​សមាជិក​គ្រួសារ​ខ្លួន​។​
​ការចោទប្រកាន់​នេះ កើតឡើង​បន្ទាប់ពី​គ្រួសារ​អ្នកជំងឺ​ម្នាក់ រស់នៅ​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​បញ្ជូន​សមាជិករ​បស់​ខ្លួន គឺ​អ្នកស្រី រុន គឹម​ស្រេ​ន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ហើយ​ត្រូវបាន​ស្លាប់​នៅ​ទីនោះ​នៅ​ថ្ងៃ​ដដែល​។​
​និយាយ​សម្ដី​ម៉ឺងម៉ាត់ ទឹកមុខ​ស្រងូតស្រងាត់ ចង​បូ​កាន់ទុក្ខ​នៅជាប់​នឹង​សក់ កញ្ញា រុន គឹម​ស្រឿ​ន ដែល​ត្រូវជា​ប្អូន អ្នកស្រី រុន គឹម​ស្រេ​ន បាន​រៀបរាប់ថា ជំងឺ​បង​កញ្ញា គឺ​មិន​សម​នឹង​ស្លាប់​ឡើយ ព្រោះ​អាកា​រៈ​អ្នកជំងឺ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ទេ អាច​ដើរ​ដោយ​ខ្លួនឯងបាន​នៅពេល​បញ្ជូន​ពី​មន្ទីរ​ខេត្តកំពង់ចាម នោះ​។ កញ្ញា​បន្តថា ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​កាល់ម៉ែត ដំបូង គឺ​គេ​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ចំនួន​ជាង ៦០​ដុល្លារ ហើយក៏​យក​អ្នកជំងឺ​ទៅពិនិត្យ​នៅ​កន្លែង​មាន​ឧបករណ៍​ទំនើបៗ ដែល​ទំនងជា​គិតថា​គ្រួសារ​កញ្ញា​ជា​គ្រួសារ​ធូរធារ​។​
​កញ្ញា រុន គឹម​ស្រឿ​ន​៖ «​ពេទ្យ​គាត់​ខ្នះខ្នែង​ខ្លាំងណាស់ ពេល​មាន​អ្នកជំងឺ​ចូល ប៉ុន្តែ​ប្រសិនបើ​អ្នកជំងឺ​ហ្នឹង​គ្មាន​លុយ ពួកគាត់​អត់​ខ្នះខ្នែង​ទេ គាត់​អត់​ជួយ​ទេ ព្រោះ​អី​ខ្ញុំ​សង្កេតឃើញថា មុនដំបូង​ពេល​ខ្ញុំ​ទៅដល់ គេ​ប្រហែលជា​គិតថា ខ្ញុំ​ហ្នឹង​មាន​លុយ​ខ្លាំង​ហើយ គេ​មកជួយ​បង​ខ្ញុំ​យ៉ាងខ្លាំង គេ​មកចាក់​ថ្នាំ បង​ខ្ញុំ​ធូរស្រាល​។ ពេល​បន្ទាប់ពី​ពួកគាត់​ដឹងថា ខ្ញុំ​អត់​មាន​ប្រាក់ ពួកគាត់​ទុកចោល​។ ហើយ​មួយទៀត ក្រុម​ពេទ្យ​ទាំងអស់​ដែល​គាត់​ធ្វើការ គាត់​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​សម្រាប់​ពេទ្យ​របស់​ពួកគាត់​ដោយ​មិន គិតពី​សង្គម ខ្ញុំ​គិតថា​នឹង​រលាយ​នៅ​ថ្ងៃ​ណាមួយ​»​។​
​ប្រភព​ដដែល​បន្ថែមថា ពីដំបូង មាន​គ្រូពេទ្យ​ជាច្រើន​បាននាំគ្នា​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​ជា ខ្លាំង រហូត​ធ្វើឱ្យ​អាកា​រៈ​អ្នកជំងឺ​ប្រែជា​ស្រស់ស្រាយ​ភ្លាមៗ ដែល​ធ្វើឱ្យ​កញ្ញា និង​ក្រុមគ្រួសារ សង្ឃឹមថានឹង​បាន​ត្រឡប់មកផ្ទះ​វិញ​ក្នុងពេល​ឆាប់ៗ​។ ប៉ុន្តែ ក្តីសង្ឃឹម​នោះ​ប្រែជា​រលាយ​វិញ បន្ទាប់ពី​កញ្ញា​ប្រាប់​គ្រូពេទ្យ​នៅ​ទីនោះ​ថា គ្រួសារ​កញ្ញា​មិនមាន​លទ្ធភាព​បង់ថ្លៃ​ព្យាបាល​នោះទេ​។ ក្រោយពី​ប្រាប់​ដូច្នេះ​រួច គេ​ក៏​ចេញ​លិខិត​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ប្រហែល​មានតែ​លិខិត​ទេ ព្រោះ​គ្រូពេទ្យ​ក៏​លែង​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ ក្រៅតែពី​មក​ដើម្បី​សួរ​ឈ្មោះ​ប៉ុណ្ណោះ​។​

​រូបថត​សព រុន គឹម​ស្រេ​ន និង​អដ្ឋិធាតុ ទុក​សម្រាប់​ធ្វើបុណ្យ ៧​ថ្ងៃ​។ រូបថត​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤ RFA/Saut Sokprathna
​ខុសប្លែក​ពី​បងស្រី​កញ្ញា​ដែល​គ្មាន​ប្រាក់​សម្រាប់​បង់ រីឯ​អ្នកជំងឺ​ផ្សេងៗ​ដែលមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​មើល គ្រូពេទ្យ​មក​សួរនាំ​ឥតឈប់ឈរ ធ្វើឱ្យ​គ្រួសារ​កញ្ញា​គិតថា ទាល់តែ​មាន​លុយ​ទៅ​បង់​ឱ្យគេ​ខ្លះ ទើប​មានការ​មើលថែ​ដិតដល់​ដូច​គេ​។ ក្រោយមក ក៏​សម្រេច​រ៉ៃ​លុយ​គ្នា​បាន​ប្រមាណ​ជា ៧០០​ដុល្លារ​ឱ្យ​ពេទ្យ ប៉ុន្តែ​ត្រូវបាន​ខាង​ពេទ្យ​បញ្ជាក់ថា បង​កញ្ញា​បាន​បង់​រួចហើយ គឺ​សំអាង​ទៅលើ​លិខិត​ឥត​បង់ប្រាក់​ដែល​មន្ទីរពេទ្យ​ចេញ​ឱ្យ​នោះ​។ ទីបំផុត​ទៅ បង​កញ្ញា​ក៏បាន​ស្លាប់​នៅ​ម៉ោងជាង ១១​អា​ធ្រា​ត្រ​នៅ​ថ្ងៃទី​១៤ កញ្ញា​។​
​កញ្ញា រុន គឹម​ស្រឿ​ន​៖ «​ខ្ញុំ​ឃើញ​អ្នកជំងឺ​មួយៗ​ពេលដែល​ពួកគាត់​យក អ្នកជំងឺ​ទៅ ឃើញ​ពួកគាត់​ស្ពាយ​លុយ​ទាំង​កាបូបៗ​ទៅ​ហ្មង ហើយ​សុទ្ធតែ​ឡាន​ទំនើបៗ​។ អ៊ីចឹង​ខ្ញុំ​គិតថា​ពួក​ខ្ញុំ​ដែល​ខ្វះខាត​លុយ ពេទ្យ​អត់​សូវ​មក​អើត​មក​ឈ្ងោក​ពួក​ខ្ញុំ​។ នេះ គឺជា​បញ្ហាៗ​ត្រង់​ថា​ពួក​ខ្ញុំ​អត់​មានលទ្ធភាព​បង់ ហើយ​ខ្ញុំ​ឮសូរ​សម្ដី​អ្នក​នៅ​ខាងក្រៅ ដែល​គេ​និយាយ​ជាច្រើន​នាក់​ថា ពេទ្យ​នីមួយៗ​យើង​បង់លុយ​ឱ្យ​ហើយ ប៉ុន្តែ​យើង​ត្រូវ​យកលុយ​បន្តិចបន្តួច​ទៅ​សូក​ហោប៉ៅ​ពេទ្យ​ទៀត​ដើម្បីឱ្យ ពួកគាត់​ឧស្សាហ៍​មក​មើល ឧស្សាហ៍​មក​ឈ្ងោក​អ៊ីចឹង​ទៀត​។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាក់​ទឹកចិត្ត​មែនទែន ដោយសារតែ​បញ្ហា​លុយ​បង​ខ្ញុំ​ត្រូវ​បានជា ប៉ុន្តែ​ដោយសារ​លុយ បង​ខ្ញុំ​ត្រូវ​បាត់បង់​ជីវិត​នៅ​ពេទ្យ​កាល់ម៉ែត​»​។​
​ការស្លាប់​របស់ អ្នកស្រី រុន គឹម​ស្រេ​ន ជា​ស្ត្រី​មេម៉ាយ​ដែលមាន​អាយុ ៣២​ឆ្នាំ​នោះ បាន​បន្សល់ទុក​នូវ​កូនតូចៗ​ចំនួន​ពីរ​នាក់ រស់នៅ​ជាមួយ​ជីដូន និង​បន្សល់ទុក​នូវ​ភាពមិន​អស់ចិត្ត ពីព្រោះ​ជំងឺ​អ្នកស្រី គឺ​កើតឡើង​បាន​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​។​
​ចំណែក កញ្ញា រុន គឹម​ស្រឿ​ន វិញ​យល់ថា ពេទ្យ​នេះ​មើល​ឃើញតែ​លុយ និង​សម្រាប់តែ​អ្នកមាន​៖ «​ខ្ញុំ គិតថា ប្រសិនបើ​ពេទ្យ​នៅ​ប្រទេស​កម្ពុជា យើង បើសិន​ពេទ្យ​នៅតែ​របៀបនេះ ប្រជាពលរដ្ឋ​ដែល​គ្មាន​លុយ គឺ​គ្មាន​សង្ឃឹម​ទេ​។ ហើយ​ខ្ញុំ​សូម​ដាក់ឈ្មោះ​ពេទ្យ​នេះ​ថា ជា​ពេទ្យ​ទេវតា​សម្រាប់​អ្នកមាន តែ​ជា​ពេទ្យ​ឃាតក​សម្រាប់​អ្នកក្រ​។ ដោយសារ​អ្នកក្រ​គ្នា​ខ្វះខាត​លុយ​អ៊ីចឹង ហើយ​ពេទ្យ​ហ្នឹង​គាត់​នៅតែ​ប្រកាន់​ថា គាត់​ត្រូវការ​លុយ​ដោយសារ​គ្មាន​ក្រមសីលធម៌​អាណិត​អ្នកជំងឺ​អ៊ីចឹង អ្នកជំងឺ​នៅក្នុង​ប្រទេស​ទាំងអស់ នឹង​ត្រូវបាន​ស្លាប់ ប្រសិនបើ​បញ្ជូនទៅ​ពេទ្យ​ហ្នឹង​ដូច​បងស្រី​ខ្ញុំ​អ៊ីចឹង​»​។​
​កញ្ញា គឹម​ស្រឿ​ន ចង់ឱ្យ​គ្រប់​មន្ទីរពេទ្យ និង​គ្រូពេទ្យ​ទាំងអស់ គប្បី​មិនត្រូវ​គិតតែ​ប្រាក់​នោះទេ ពោល គឺ​ត្រូវ​គិត​រឿង​អាយុជីវិត​មនុស្ស​ជាសំខាន់​។ បន្ថែម​ពីនេះ​ទៀត កញ្ញា​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ស្ថាប័ន​អំពើពុករលួយ គប្បី​ពិនិត្យ​មន្ទីរពេទ្យ​នេះ ពីព្រោះ​មាន​អ្នកជំងឺ​ក្រីក្រ​ជាច្រើន​ត្រូវការ​យុត្តិធម៌​។​
​វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​ប្រធាន​មន្ទីរពេទ្យ​កាល់ម៉ែត លោក ឈៀង រ៉ា និង​ប្រធាន​ផ្នែក​រដ្ឋបាល​ជាច្រើនលើក​ច្រើនសា នៅតែ​គ្មាន​ការឆ្លើយតប​នៅ​ថ្ងៃទី​១៨ កញ្ញា​។​
​ប៉ុន្តែ បុគ្គលិក​ផ្នែក​រដ្ឋបាល​ក្នុង​មន្ទីរពេទ្យ​នេះ សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ឱ្យដឹងថា ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត មិន​ប្រកាន់​អ្នកមាន ឬ​អ្នកក្រ​ទេ​។ ចំពោះ​អ្នក​បង់ប្រាក់ និង​អ្នក​មិន​បង់ប្រាក់ គឺ​ព្យាបាល​ដូចគ្នា ពោល គឺ​គ្រូពេទ្យ​យកចិត្តទុកដាក់​ដូចគ្នា ពីព្រោះ​សុទ្ធតែជា​ខ្មែរ​។ បុគ្គលិក​ដដែល​បន្តថា ករណីខ្លះ​អាចមាន​ស្លាប់ ដោយសារតែ​ជំងឺ​នោះ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅហើយ ប៉ុន្តែ​ក្រុមគ្រួសារ​មិនដឹង​ពី​ស្ថានភាព​ក្នុង​ខ្លួន​របស់​អ្នកជំងឺ ឃើញតែ​សភាព​ខាងក្រៅ​ថា​ប្រសើរ ដល់ពេល​អ្នកជំងឺ​ស្លាប់ ក៏​មិន​សប្បាយចិត្ត​ចំពោះ​គ្រូពេទ្យ​៖ «​អាច​តាមដាន​អាកា​រៈ​ជំងឺ​របស់ គាត់ ប្រសិនបើ​គាត់​ទន់​ហើយ ឬ​យ៉ាងម៉េច​ហើយ​។ ពេលខ្លះ​អាហ្នឹង​បង​ធ្លាប់​ឃើញ​ទេ​ណា៎ ពេលខ្លះ​អ្នកជំងឺ​ខ្លះ គាត់​មើលឃើញថា​ស្រួល ប៉ុន្តែ​តាមពិត​ខាងក្នុង​គាត់​មិនមែន​ស្រួល​ទេ​។ អ្នកជំងឺ​ខ្លះ​មើលថា​ទន់ ប៉ុន្តែ​ពេលខ្លះ​គាត់​អាចមាន​កម្លាំង​ឡើងវិញ​។ អាហ្នឹង​អាស្រ័យ​លើ​អ្នកជំងឺ​។ ហើយ​ទទួលបាន​ហើយ​ថា​ក្នុង​មន្ទីរពេទ្យ​យើង​បាន​ព្យាបាល​អី​ហើយ ប៉ុន្តែ​អាកា​រៈថា​មកពី​ខាង​កំពង់ចាម ថា​គាត់​គ្រុនឈាម​។ គ្រុនឈាម អូន​ដឹង​ហើយ​ថា បើសិនជា​លើស​ចំនួន​ថ្ងៃ​របស់គេ វា​មាន​គ្រោះថ្នាក់ ឬមួយ​គាត់​ទុក​ដល់​ថ្ងៃទី​ប៉ុន្មាន​? កម្រិត​ទី​ម៉ាន​ដែល​គាត់​មកដល់​មន្ទីរពេទ្យ​ធំ​»​។​
​ប្រភព​ដដែល​បន្ថែមថា គ្មាន​មន្ទីរពេទ្យ​ណា ឬ​គ្រូពេទ្យ​ណា​ចង់ឱ្យ​អ្នកជំងឺ​របស់ខ្លួន​ស្លាប់​ឡើយ ហើយ​កន្លងមក ក៏​មិនដែល​មានការ​ចោទប្រកាន់​ដូចនេះ​ទេ​។ ចំណែក​ការចោទប្រកាន់​ណាមួយ​នោះ គឺ​វា​ជា​រឿង​មិន​ត្រឹមត្រូវ និង​គ្មាន​ភស្តុតាង​ច្បាស់លាស់ ព្រោះ​គ្រូពេទ្យ​ទាំងអស់​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន ដោយ​មិន​ចង់បាន​អ្វី​ក្រៅពី​ជួយ​ជីវិត​អ្នកជំងឺ​ឡើយ​៖ «​គ្រូពេទ្យ​មួយៗ គាត់​ព្យាយាម​ព្យាបាល​អ្នកជំងឺ​អស់ពី​សមត្ថភាព​របស់​គាត់​។ ទោះបីជា​ស្លាប់ ឬក៏​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ គឺ​អស់ពី​សមត្ថភាព​របស់​គ្រូពេទ្យ​។ ហើយ​ក្នុងខណៈ​ថា​ស្លាប់ អាច​អាកា​រៈ​របស់គាត់​ទន់​ហើយ ឬក៏​ជំងឺ​របស់គាត់​ធ្ងន់ធ្ងរ​ហ្នឹង​ជា​អាកា​រៈ​របស់​បុគ្គល​មួយៗ​ណា៎​! ប្រសិនបើ​និយាយ​ពី​បច្ចេកទេស​របស់​ពេទ្យ គេ​ព្យាបាល​អស់ពី​សមត្ថភាពរ​បស់​គេ​ហើយ​។ ចា៎​! អ្នក​នៅក្នុង​ស្ថានភាព​យ៉ាងម៉េច​ក៏ដោយ គ្រូពេទ្យ​អត់​មាន​ទាមទារ​រក​អី​ផ្សេងទៀត​ទេ គឺ​មុខជំនាញ​របស់គាត់​ព្យាបាល​អ្នកជំងឺ​»​។​
​ប្រសិនបើ​មាន​អ្នកជំងឺ​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នេះ គេ​តែង​ចេញ​នូវ​លិខិត​មរណភាព​ឱ្យ ដោយ​ក្នុង​លិខិត​មរណៈ​នោះ គឺមាន​បញ្ជាក់​ពី​អាកា​រៈ​អ្នកស្លាប់ ព្រោះ​បើ​គ្មាន​លិខិត​នេះ​ទេ គឺ​គេ​មិនអាច​យក​សព​ទៅ​បូជា ឬ​បញ្ចុះ​បានឡើយ ប៉ុន្តែ​ខាង​គ្រួសារ​សព អ្នកស្រី រុន គឹម​ស្រេ​ន អះអាងថា ខាង​មន្ទីរពេទ្យ​មិន​បានចេញ​លិខិត​មរណៈ​នោះ​ឱ្យ​ឡើយ វា​ហាក់​មាន​ចេតនា​បិទបាំង​ចំពោះ​ការស្លាប់​នេះ​។ យ៉ាងណាក៏ដោយ បុគ្គលិក​ផ្នែក​រដ្ឋបាល​រូបនោះ នឹង​សាកសួរ​ទៅខាង​បច្ចេកទេស​បន្ថែមទៀត ជុំវិញ​ករណីនេះ​។​
​ទាក់ទង​បញ្ហា​នេះដែរ មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) នៅ​ខេត្តកំពង់ចាម លោក នាង សុ​វ៉ាត មានប្រសាសន៍ថា កន្លងមក គឺ​មានការ​ត្អូញត្អែរ​ចំពោះ​មន្ទីរពេទ្យ​មួយ​នេះ​ពី​សំណាក់​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់ រួមទាំង​គ្រួសារ​លោក​ផង​។ លោក​បន្តថា កន្លងមក មន្ទីរពេទ្យ​នេះ​ហាក់​គិត​រឿង​ប្រាក់​ច្រើនជាង​រឿង​ជីវិត ដែល​វា​ធ្វើឱ្យ​ខុសពី​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ពីព្រោះ​គ្រូពេទ្យ គឺជា​ឪពុកម្ដាយ​ទី​ពីរ​របស់​មនុស្ស តែបើ​ឪពុកម្ដាយ​គិតតែ​ប្រាក់​ហើយ​នោះ ជីវិត​មនុស្ស​នឹងត្រូវ​រលាយ​។ លើស​នេះ ការមិន​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​ដែល​ក្រីក្រ គឺជា​រឿង​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​
​លោក នាង សុ​វ៉ាត​៖ «​វា​រំលោភ​ដល់​សិទ្ធិមនុស្ស​ដែលជា​សិទ្ធិ​ទទួលបាន សុខភាព​ស្មើគ្នា វា​រំលោភ​ដល់​មនុស្ស​ធ្ងន់ធ្ងរ​ណាស់​។ ព័ត៌មាន​នេះ​ត្រូវតែ​ចាត់ការ​ជាបន្ទាន់ បើ​មិន​ចាត់ការ​ជាបន្ទាន់​ទេ គោលនយោបាយ​កែទម្រង់​ប្រឆាំង​អំពើពុករលួយ​ណា​គេ​ជឿ​។ បើ​មានរឿង​អាសូរ​មានរឿង​នៅ​ស្ទឹងត្រែង រតនគិរី រឿង​នៅ​កាល់ម៉ែត រឿង​នៅ​ភ្នំពេញ​។ គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ គណៈកម្មាធិការ​កើត​ក្រោយ​នៅ​ភ្នំពេញ​ហ្នឹង​ដែរ​តា​! រឿង​អី​បាន​អត់​ធ្វើ ហើយ​បើ​ធ្វើ​មិន​បានទេ ចប់​ហើយ កែទម្រង់​ទៀត​នោះ​កែទម្រង់​អី​ក៏​គេ​អត់​ជឿ​ដែរ​»​។​
​លោក​បន្ថែមថា បញ្ហា​នេះហើយ​បានធ្វើឱ្យ​អ្នកជំងឺ​នៅ​ស្រុក​ខ្មែរ​មួយ​ភាគ​ធំ តែងតែ​ទៅ​មើលជំងឺ​របស់ខ្លួន​នៅ​ប្រទេសក្រៅ ជាជាង​ជឿ​លើ​ប្រព័ន្ធ​សុខាភិបាល​ក្នុងស្រុក​របស់​រដ្ឋ ដែល​តែងតែមាន​អំពើពុករលួយ រួម​និង​ការ​រិះគន់ថា​មិនបាន​យកចិត្តទុកដាក់ និង​ប្រើ​សម្ដី​មិន​សមរម្យ​ចំពោះ​អ្នកជំងឺ ជាដើម​។ លោក​បញ្ជាក់ថា ក្នុង​ច្បាប់​បាន​ចែងថា ប្រជាពលរដ្ឋ​អាច​ប្ដឹងទៅ​អង្គការ​រដ្ឋ ឬ​អង្គការ​សង្គម ឬ​បុគ្គលិក​នៃ​អង្គការ​ទាំងនោះ​បាន​។ ដូច្នេះ ខាង​គ្រួសារ​សព​ក៏​អាច​ប្ដឹងទៅ​មន្ទីរពេទ្យ​នេះ ដើម្បី​ទាមទារ​សំណង និង​ឱ្យទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​នោះ​៕​ប្រភព​៖rfa

Untitled-1Untitled-1             រូបថត​សព រុន គឹមស្រេន និង​អដ្ឋិធាតុ ទុក​សម្រាប់​ធ្វើ​បុណ្យ ៧​ថ្ងៃ                                                        រូបថត​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤