ទូតខ្មែរនៅអាមេរិកអំពាវនាវប្រជាពលរដ្ឋនៅឱ្យឆ្ងាយពីការជួបជុំ ខណៈបាតុកម្មហិង្សាកំពុងរីករាលដាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2020 ក+ ក-

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក ស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬប្រមូលផ្តុំនានា ទោះបីក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ។ ស្ថានឯកអគ្គរាជទូត ក៏បានអំពាវនាវឱ្យកាត់បន្ថយការចេញទៅក្រៅផងដែរ។

ការអំពាវនាវរបស់ស្ថានឯកអគ្គរាជទូតបែបនេះ ដើម្បីគេចផុតពីហានិភ័យ ឬគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីការធ្វើបាតុកម្មតវ៉ានានា ដែលកំពុងរីករាលដាល និងមានភាពហិង្សានៅតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិកនោះ។

ក្នុងលិខិតអំពាវនាវធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នោះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិតគោរពឱ្យបានខ្ជាប់ខ្លួនតាមបម្រាមគោចរ និងបម្រាមនានារបស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងស្ថិតនៅ។ បន្ថែមពីលើនេះ ក្នុងករណីចាំបាច់ ត្រូវប្រកាន់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពីការឆ្លងជំងឺ និងហានិភ័យជាយថាហេតុបណ្ដាលពីបាតុកម្ម។

បើតាមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ទ្រព្យសម្បត្តិ ព្រមទាំងអាជីវកម្មមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានរងការបំផ្លិចបំផ្លាញ ដោយសារតែព្យុះបាតុកម្មទាមទារយុត្តិធម៌នេះផងដែរ៕