ក្រុមក្មេងទំនើងនិងខ្លះជាសិស្សសាលា ធ្វើសកម្មភាពគាស់តូបលក់ឥវ៉ាន់នៅក្រុងសែនមនោរម្យ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2026 ក+ ក-

(ខេត្តមណ្ឌលគិរី)៖ កម្លាំងនគរបាលក្រុងសែនមនោរម្យ បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៨នាក់ ពាក់ព័ន្ធករណីគាស់តូបលក់ឥវ៉ាន់ លួចយកម្ហូបអាហារ និងភេសជ្ជៈ នៅមុខសួនកុមារ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។ ជនសង្ស័យទាំង ៨នាក់ បានធ្វើសកម្មភាពគាស់ធុងទឹកកក និងតូបលក់ឥវ៉ាន់ ដោយលួចយកមឹក បង្គា ប្រហិត និងទឹកក្រូច មកចែកគ្នាបរិភោគ។
ក្រោយធ្វើសកម្មភាពលើកទីមួយរួច ក្រុមជនសង្ស័យបានវិលត្រឡប់មកកន្លែងដដែលម្ដងទៀតនៅវេលាម៉ោងប្រមាណ ៤ និង៣០នាទីទៀបភ្លឺ ដោយបន្តគាស់យកទឹកក្រូច និងប្រហិតបន្ថែម មុននឹងនាំគ្នាចែកផ្លូវត្រឡប់ទៅកន្លែងស្នាក់នៅរៀងៗខ្លួន។
បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះប៊ន ហៀង ជាអាជីវករ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក កាន់ ពេញ អធិការ ដោយចង្អុលបង្ហាញពីលោកវរៈសេនីយ៍ឯក ជា ចិត្រា និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យទាំង ៨នាក់បានជាបន្តបន្ទាប់។
ក្នុងចំណោមជនសង្ស័យទាំង ៨នាក់ មានអនីតិជនចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ណែនាំ និងប្រគល់ជូនអាណាព្យាបាលធានាយកទៅអប់រំបន្តនៅគេហដ្ឋានវិញ ខណៈជនសង្ស័យដែលនៅសល់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាកូនកាំបិតចិតបន្លែមួយដើម ដែលត្រូវបានប្រើប្រាស់ក្នុងសកម្មភាពគាស់តូប។ លទ្ធផលតេស្តទឹកនោមលើជនសង្ស័យទាំងអស់ បង្ហាញថា អវិជ្ជមានសារធាតុញៀន។
ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគាស់តូបលួចយកសម្ភារៈ និងចំណីអាហារពិតប្រាកដមែន។ សមត្ថកិច្ចកំពុងបន្តនីតិវិធីច្បាប់ចំពោះអ្នកពាក់ព័ន្ធទាំងអស់៕