កម្ពុជាកោះហៅទូតវៀតណាម មកប្រាប់រឿងបោះតង់យោធានៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា និងស្នើឲ្យរុះរើជាបន្ទាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា មកប្រាប់អំពីរឿងយោធាវៀតណាម បោះតង់ នៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា នាព្រំដែនខេត្តកណ្តាល។ ទន្ទឹមនោះក៏បានស្នើតាមរយៈអគ្គរដ្ឋទូតវៀតណាម ឲ្យរុះរើតង់យោធាទាំងនោះឲ្យបានឆាប់ជាទីបំផុត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

ក្រសួងការបរទេសបានបញ្ជាក់ថា ការកោះអញ្ជើញអគ្គរដ្ឋទូតវៀតណាមមកជួបនេះ បានធ្វើឡើងដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយកម្ពុជាបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា សម្រាប់វិធានការរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមក៏បានបោះតង់យោធាចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ៕