អាជ្ញាធរដឹកទឹកបញ្ចូលកសិន្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រីដែលនៅសេសសល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2020 ក+ ក-

ខេត្តសៀមរាប ៖ លោក សូប្លាតុង អភិបាលស្រុកបាគងបានឱ្យដឹងថា អាជ្ញាធរស្រុកប្រាសាទបាគង និងអាជ្ញាធរជាតិអប្សរាបានស្នើសុំរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ដឹកទឹកយកមកបញ្ចូលក្នុងកសិន្ធុប្រាសាទបាគង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីសង្រ្គោះត្រីដែលនៅសេសសល់។

លោក សូប្លាតុង បានបញ្ជាក់ថា ដើម្បីសង្គ្រោះត្រី ដែលនៅសេសសល់អាជ្ញាធរបានដាក់ចេញនូវវិធានការចំនួន៣គឺ ៖ ទី១. សមត្ថកិច្ចបានយករថយន្តដឹកទឹកពីក្រៅ មកបញ្ចូលក្នុងកសិន្ធុដើម្បីឱ្យត្រីនៅសេសសល់អាចបន្តរស់បាន, ទី២.ការបុកអណ្តូងទឹកដើម្បី បូមបញ្ចូលទៅក្នុងកសិន្ធុនេះ និងទី៣.កម្លាំងប្រជាការពារ ពី៥០ទៅ៦០នាក់ បន្តកាយភក់ចេញ ដើម្បីឱ្យជ្រៅបន្តិច ហើយនៅថ្ងៃស្អែក នឹងមានកម្លាំងពីអាជ្ញាធរអប្សរាចូលរួមបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមិថុនា ប្រជាពលរដ្ឋរួមជាមួយព្រះសង្ឃ បានឃើញត្រីប្រាប្រមាណជា១៣ក្បាលបានងាប់ជាបន្តបន្ទាប់ ដោយសារតែទឹកកសិន្ធុប្រាសាទបាគងរីង។ ក្នុងនោះមានត្រី មួយចំនួនត្រូវបានយកទៅដាក់នៅស្រះផ្សេង និងបានយកកន្ទាយ ដ៏ធំមួយទៅប្រោះទុកនៅ អាងក្នុងវត្តផងដែរ៕