កម្ពុជា-ស្វីសរួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធ TVET ក្នុងដំណាក់កាលទី២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) បានប្តេជ្ញារួមគ្នាអភិវឌ្ឍន៍ទៅលើប្រព័ន្ធបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET) ក្នុងដំណាក់កាលទី២ ស្របពេលដែលគម្រោងទី១ នៃគម្រោងនេះ បានរង ផលប៉ះពាល់ពីជំងឺផ្លូវដង្ហើម កូវីដ-១៩។ គម្រោងទី២នេះ ជាការបណ្តុះបណ្តាលជំនាញដល់យុវជនក្រីក្រ នៅក្នុងសហគមន៍ នៃខេត្តគោលដៅចំនួន៥ នៅភាគឥសាន្តប្រទេសកម្ពុជា រួមមានខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី។

ការលើកឡើងដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយ គណៈប្រតិភូនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដឹកនាំដោយ លោកស្រី Nadia Ottiger នាយិការង ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

មានប្រសាសន៍នាឱកាសនោះ លោកបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះរដ្ឋាភិបាលស្វីស ដែលតែងតែគាំទ្រនូវគ្រប់សកម្មភាពក្នុងការលើកកម្ពស់ធនធានមនុស្សក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ លោកលើកឡើងថា គម្រោងអភិវឌ្ឍជំនាញនេះ ជាគំនិតផ្តួចផ្តើមដ៏ល្អប្រសើរមួយ ក្នុងការធ្វើសមាហរណកម្មជំនាញ នៅប៉ែកឥសានប្រទេស ក្នុងការកសាងធនធានមនុស្សសម្រាប់កម្ពុជា លើវិស័យមួយនេះ។ លោកបញ្ជាក់ថា គោលដៅនៃគម្រោងនេះគឺ ទាក់ទាញយុវជនក្រីក្រក្នុងសហគមន៍ ឱ្យចាប់អារម្មណ៍ទទួលយកការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនធនធានមនុស្ស ក៏ដូចជាបង្កើនប្រាក់ចំណូល សម្រាប់ប្រជាជនកម្ពុជាផងដែរ។

លោកស្រី Nadia Ottiger បានលើកឡើងថា គម្រោងទី២នេះ នឹងធ្វើឱ្យប្រសើរឡើង ទាំងធនធានមនុស្ស និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសហគមន៍នៃខេត្តទាំង៥ ភាគឥសាន្តប្រទេសកម្ពុជា តាមរយៈទទួលបានបានជំនាញ និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវភាពបានល្អប្រសើរ។

លោកស្រីបញ្ជាក់ថា រាល់សកម្មភាពគម្រោងទាំងមូលត្រូវបានគាំទ្រយ៉ាងជិតស្និទ្ធពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាដៃគូនានាទៀត ដើម្បីអភិវឌ្ឍន៍ជំនាញ កាត់បន្ថយការធ្វើទេសន្តប្រវេសន៍។ ទន្ទឹមនេះកិច្ចដំណើរការគម្រោង គឺស្របទៅយន្តការ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងអ្វីដែលនិយោជកចង់បាននាពេលបច្ចុប្បន្ននេះផងដែរ។

គួរបញ្ជាក់ថា ដំណាក់កាលទី២របស់គម្រោងមួយនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែមិថុនា ឆ្នាំ២០២៤ ដែលមានថវិកាសរុបចំនួនប្រមាណ៩លានដុល្លារអាមេរិក។ ចំពោះលទ្ធផលនៃគម្រោងនឹងទទួលបាន ១.នូវប្រព័ន្ធ TVET កម្ពុជាមានប្រសិទ្ធភាពជាងមុន នៅតាមខេត្តគោលដៅ ក្នុងតំបន់ និងសហគ្រាស និង ២.យុវជន បុរស ស្ត្រី និងកម្មករ ដែលមានជំនាញទាបបានបង្កើនលទ្ធភាពទទួលបានការងារ៕