ភ្នំពេញ៖របាយការណ៍តួលេខលម្អៀងស្មើនឹងទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក ដែលដកស្រង់ចេញពីទិន្នន័យនៃការនាំខ្សាច់ចេញទៅបរទេសរបស់ក្រសួងរ៉ែកម្ពុជា និងតួលេខស្ថិតិពាណិជ្ជកម្មរដ្ឋាភិបាលប្រទេសសិង្ហបុរី បង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលគេគិតថា ជាអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដែលគួរតែមានការស៊ើបអង្កេតឲ្យបានពេញលេញ និងត្រឹមត្រូវ។
តួលេខដែលបង្ហាញដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបុរីរយៈពេល៨ឆ្នាំ ក្នុងចន្លោះឆ្នាំ២០០៧ដល់ឆ្នាំ២០១៥កន្លងទៅ គឺមានប្រមាណ២,៨លានតោន ពោលមានការខុសគ្នាទៅនឹងទិន្នន័យស្ថិតិពាណិជ្ជកម្មលើទំនិញរបស់អង្គការសហប្រជាជាតិ ដែលស្រង់ពីតួលេខរបស់នាយកដ្ឋានស្ថិតិពាណិជ្ជកម្មរដ្ឋាភិបាលប្រទេសសិង្ហបុរី ដែលបង្ហាញថា សម្រាប់រយៈពេលដូចគ្នាការនាំចេញខ្សាច់ពីកម្ពុជាចូលប្រទេសសិង្ហបុរីមានចំនួនប្រមាណ៧២,៨លានតោន ។ ករណីលម្អៀងនេះ ជាហេតុធ្វើឲ្យអង្គការសង្គមស៊ីវិលជិត៥០បានទាមទារឲ្យក្រសួងរ៉ែ និងថាមពល បង្ហាញទិន្នន័យជាក់លាក់ជាសាធារណៈ ហើយនៅថ្ងៃទី១៥ ខែធ្នូនេះ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានចូលបំភ្លឺជូនសភាតាមការគ្រោងទុក ប៉ុន្តែព័ត៌មានលម្អិត យ៉ាងណានោះ មិនទាន់ត្រូវបានទម្លាយឲ្យដឹងជាសាធារណៈនៅឡើយទេ។
គួររំឭកថា ទិន្នន័យនៃការនាំចេញខ្សាច់ពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរីដែលមានតួលេខលម្អៀងស្មើនឹងទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិកនោះ មិនត្រូវបានឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដាក់បង្ហាញជាសាធារណៈឲ្យដូច្នេះហើយ ទើបកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ឯកឧត្តម ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ មកពីណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភានីតិកាលទី៥ បានស្នើសុំឲ្យរាជរដ្ឋាភិបាលចាត់បញ្ជូនឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងសហការី ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺរដ្ឋសភា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ។
មជ្ឈដ្ឋានទូទៅ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះភាពលម្អៀងតួលេខនៃការនាំចេញខ្សាច់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរីក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺអាច បង្កប់នូវអំពើពុករលួយជាប្រព័ន្ធយ៉ាងរឹងមាំ ដែលទាមទារឲ្យមានការស៊ើបអង្កេតស្រាវជ្រាវឲ្យបានជាក់លាក់៕