រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃនេះថា តាមការរំពឹងទុកគឺពលរដ្ឋជាង៥០% នឹងចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ ព្រោះពូកគាត់បានត្រៀមរួចរាល់អស់ហើយ ដើម្បីចូលរួមការបោះឆ្នោត ។
អ្នកនាំពាក្យរូបនោះអះអាងថា ការបោះឆ្នោតនឹងប្រព្រឹត្តិទៅដោយរលូន បើទោះបីជាគ្មាន វត្តមានអតីតគណបក្សប្រឆាំង និងអង្គការមួយចំនួនដែលតាំងខ្លួនឯករាជ្យមិនចូលរួមក្នុងការ សង្កេតការណ៍បោះឆ្នោតក៏ដោយ ។ ការថ្លែងរបស់លោក ហង្ស ពុទ្ធា បែបនេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្ស ប្រឆាំងនៅកម្ពុជា រួមទាំងសកម្មជនអ្នកគាំទ្របាននិងកំពុងអំពាវនាវឲ្យពលរដ្ឋធ្វើពហិការក្នុងការចូល រួមការបោះឆ្នោត ។
សូមជម្រាបថា តាម គ.ជ.ប គណបក្សចំនួន២០នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នៅចុងខែកក្កដា ខាងមុខនេះក្នុងនោះក៏មានគណបក្សមានទិន្នាការប្រឆាំងផងដែរ ៕