​ខួប​ទី​៤០​នៃ​កងទ័ព​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ដោយ​គ្មាន​ធម៌​មេត្តា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 April, 2015 ក+ ក-

​ភ្នំ​ពេ​ញះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៥ គឺជា​ខួប​ទី​៤០ នៃ​ថ្ងៃ​មហា​ជ័យជម្នះ​របស់​កងទ័ព​ខ្មែរក្រហម ដែល​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ បន្ទាប់ពី​ប្រាំ​ឆ្នាំ​នៃ​សង្គ្រាម​បង្ហូរឈាម​គ្នា​ជាមួយ​កងទ័ព នៃ​របប​សាធារណរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់​។​

​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក កងទ័ព​ខ្មែរក្រហម​ដើរចូល​ទីក្រុង​ភ្នំពេញ​ពី​គ្រប់ទិសទី បន្ទាប់មក​ចាប់ផ្ដើម​បណ្ដេញ​ប្រជាជន​ចេញពី​ទីក្រុង ទៅកាន់​ទីជនបទ​។ ប៉ុន្តែ​អតីត​បងធំ​ទី​២ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​អះអាងថា ប្រជាជន​ចាកចេញ​ពី​ទីក្រុង​ដោយ​ការស្ម័គ្រចិត្ត​។​

​លោក ជី វិ​តា មាន​សេចក្តីរាយការណ៍​អំពី​ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ដោយ​គ្មាន​ធម៌​មេត្តា​របស់​ខ្មែរក្រហម​៖

​ស្នូរ​គ្រាប់កាំភ្លើង​លាន់ឮ​កងរំពង​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​ទាំង ព្រឹក​ព្រហាម កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ បន្ទាប់មក​កងទ័ព​ខ្មែរក្រហម​រាប់ពាន់នាក់ ក្នុង​សម្លៀកបំពាក់​ឈុត​ពណ៌​ខ្មៅ ពណ៌​គគីរ ក្រមា​បង់ក ស្បែកជើងកង់ឡាន ទឹកមុខ​មាំ និង​ប្រដាប់​ដោយ​អាវុធ ដើរចូល​ទីក្រុង​ភ្នំពេញ​ពី​គ្រប់ទិសទី​តាម​មុខព្រួញ​រៀងៗ​ខ្លួន​។​

​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​នឿយណាយ​នឹង​សង្គ្រាម​សម្លាប់​ខ្មែរ គ្នាឯង នៅពេល​ឃើញ​កងទ័ព​ខ្មែរក្រហម​មកដល់​មានការ​ធូរស្បើយ​ក្នុង​ចិត្ត ដោយ​គិតថា សង្គ្រាម​ចប់​ហើយ​។ ប៉ុន្តែ​នៅពេល​រសៀល​ថ្ងៃ​ដដែល ប្រជាជន​ក្រុងភ្នំពេញ​ភ្ញាក់​ស្រឡាំងកាំង នៅពេល​ឃើញ​យោធា​ខ្មែរក្រហម​ចាប់ផ្តើម​បញ្ជា​ឲ្យ​ពួកគេ​ចាក​ចេញពី ទីក្រុង​ដោយ​ប្រកាសថា គឺ​ដើម្បី​អង្គការ​ងាយស្រួល​បោសសម្អាត​ខ្មាំង​ដែល​លាក់ខ្លួន និង​ជៀសវាង​គ្រោះថ្នាក់​ពី​ការទម្លាក់​គ្រាប់បែក​របស់​ចក្រពត្តិ​អាមេរិក​។​

​ឈរ​នៅលើ​ចិញ្ចើមថ្នល់​ផ្លូវ ទេព ផន ក្បែរ​ផ្សារ​ដេប៉ូ ក្រុងភ្នំពេញ អ្នកស្រី ឌិន រ៉ាវី រំឭក​អំពី​កងទ័ព​ខ្មែរក្រហម​ដើរចូល​ក្រុងភ្នំពេញ​តាមផ្លូវ​នេះ កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ពេលនោះ​អ្នកស្រី​គិតថា សង្គ្រាម​ចប់​ហើយ ធ្វើ​ឲ្យ​អ្នកស្រី និង​គ្រួសារ​អាច​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​បាន បន្ទាប់ពី​ភៀសខ្លួន​ចេញពី​សង្គ្រាម​នៅ​ខេត្តកណ្ដាល អស់​មួយរយៈ​ពេល​មក​៖ «»​។​

​អតីត​យោធា​ខ្មែរក្រហម ហ៊ីម ហ៊ុយ ក្នុង​កងពល​៧០៣ ដែល​រងរបួស​ខណៈ​វាយលុក​ចូល​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៩៧៥ នោះ បាន​ឲ្យ​ដឹងថា ក្នុង​ទីក្រុង​កើតមាន​ភាពវឹកវរ​ខ្លាំងណាស់​៖ «»​។​

«​ចម្រៀង​មហា​ជ័យជម្នះ ១៧ មេសា ១៩៧៥ របស់​ខ្មែរក្រហម​»

​បី​ថ្ងៃ​ក្រោយមក ទីក្រុង​ភ្នំពេញ​ដែល​មកដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ផ្ទុក​ប្រជាជន​ជាង ២​លាន ៥​សែន​នាក់ ដែល​មួយចំនួនធំ គឺជា​អ្នក​ភៀសខ្លួន​ពី​សង្គ្រាម​នៅតាម​បណ្ដា​ខេត្ត ចាប់ផ្ដើម​មាន​សភាព​ស្ងាត់ជ្រងំ​ស្ទើរ​ក្លាយជា​ទីក្រុង​ខ្មោច​។​

ការបណ្ដេញ​ប្រជាជន​ចំនួន​នេះ​ចេញពី​ទីក្រុង​ភ្លាមៗ​ឲ្យ​ទៅ​រស់​នៅតាម ជនបទ ដោយ​គ្មាន​ផែនការ​ត្រៀម​សម្រាប់​ឆ្លើយតប​ទៅនឹង​វិបត្តិ​មនុស្សធម៌​ទាល់ តែ​សោះ​នោះ ត្រូវ​ពិភពលោក​មើលឃើញ គឺជា​អំពើ​អមនុស្សធម៌​ក្រៃលែង​របស់​ខ្មែរក្រហម​ទៅលើ​ប្រជាពលរដ្ឋ​ខ្លួន ឯង​។​

​នៅតាម​ដងផ្លូវ​ចេញពី​ទីក្រុង​ភ្នំពេញ​ដែល​ណែនណាន់តាន់តាប់ និង​ក្រោម​កម្តៅថ្ងៃ​ហែង​នា​ឆ្នាំ​នោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រហូតដល់​ជាង​ពីរម៉ឺន​នាក់​។​
​គ្រាន់តែ​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​សរុប​ជាង​មួយ​ម៉ឺន​នាក់ ហើយ​ភាគច្រើន​ជា​ទាហាន​សាធារណរដ្ឋ​ខ្មែរ​ដែល​រងរបួស​ធ្ងន់ ក៏ត្រូវ​ចាប់បង្ខំ​ឲ្យ​ចាកចេញ​ដែរ​។​

​អ្នកស្រី លុយ ហ៊ី បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​នៅ​សម្ងំ​ក្នុង​មន្ទីរពេទ្យ​ជាច្រើន​ថ្ងៃ បន្ទាប់ពី​ខ្មែរក្រហម​ចូលក្នុង​ក្រុងភ្នំពេញ​នោះ និយាយថា អ្នកស្រី​បានឃើញ​ខ្មែរក្រហម​ដឹក​អ្នករបួស​ចេញពី​មន្ទីរពេទ្យ​ធំ ឬ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ទាំង​ឡានៗ​៖ «»​។​

​ទោះជា​យ៉ាងណា នួន ជា បងធំ​ទី​២​នៃ​របប​ខ្មែរក្រហម​អះអាង​ផ្ទុយ​ពីនេះ​។ ជនជាប់ចោទ នួន ជា បាន​ប្រាប់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្តី​ខ្មែរក្រហម​កាលពី​ឆ្នាំ​២០១៣ ថា ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​នៅ​ឆ្នាំ​១៩៧៥ ពិតជា​ការចាំបាច់ ហើយក៏​ជាការ​ស្ម័គ្រចិត្ត​របស់​ប្រជាជន​ដែរ​៖ «»​។​

​ហេតុផល​ទី​ពីរ គឺ​សង្គ្រាម ៥​ឆ្នាំ​នៅ​កម្ពុជា បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្បៀងអាហារ​យ៉ាងធ្ងន់ធ្ងរ​។ ដូច្នេះ​លោក​ថា អ្នកទីក្រុង​ត្រូវ​ចូលរួម​បង្កបង្កើត​កសិផល​នៅ​ទីជនបទ​៖ «»​។​

​នៅ​ចន្លោះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ និង​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា បាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ទៅរក​ភាពអន្ធការ​។ ប្រវត្តិសាស្ត្រ​ពិភពលោក​បានចាត់ទុក​ថា បដិវត្តន៍​ខ្មែរក្រហម គឺជា​បដិវត្តន៍ ម៉ា​ស៊ី​ស លេនីន ដ៏​មហន្តរាយ​បំផុត​។ មនុស្ស​ដែល​បានរស់នៅ​ក្រោមរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម សុទ្ធតែ​បានទទួល​រងគ្រោះ​ពី​របប​នេះ ទោះ​តិចក្តី ឬ​ច្រើនក្តី​។ ប្រជាពលរដ្ឋ​កម្ពុជា ជិត ២​លាន​នាក់ ឬ​ម្នាក់​ក្នុងចំណោម ៤​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ធ្វើ​ពលកម្ម​បាក់កម្លាំង ការស្រេកឃ្លាន កង្វះ​ថ្នាំ​ព្យាបាល​ជំងឺ និង​ការប្រហារជីវិត​។​

បច្ចុប្បន្ន នួន ជា ដែលជា​អនុ​លេខា​បក្សកុម្មុយនិស្ត និង​ជា​ប្រធានរដ្ឋសភា និង ខៀវ
សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឋិត​ក្នុង​សំណុំរឿង​០០២ កំពុង​ត្រូវ​សាលាក្តី​ជំនុំជម្រះ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​។ ចំណែក​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ពីររូប​ទៀត គឺ ប៉ុល ពត អៀង សារី និង តា ម៉ុក បាន​ស្លាប់​រួច​ផុតពី​ការជំនុំជម្រះ​ទោស​៕rfa1nds

​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។​រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង