ភ្នំពេញ ៖ ក្រុមចោរមួយក្រុមមានគ្នាប្រហែល៥នាក់ប្រដាប់ដោយកាំភ្លើងបានដើរចូលទៅក្នុងធនាគារ RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា) ប្លន់យកលុយ អស់ប្រមាណជា១០ម៉ឺនដុល្លារ បានសម្រេច ហើយនាំគ្នា ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព ដោយមិនបង្កឲ្យមានគ្រោះថ្នាក់នរណាម្នាក់ឡើយ ហើយសមត្ថកិច្ចចម្រុះបាន ត្រឹមតែចុះទៅពិនិត្យប្រមូលភស្តុតាងនៅកន្លែងកើតហេតុប៉ុណ្ណោះ។
អំពើប្លន់ដ៏ព្រហើននេះ បានធ្វើឡើងនៅម៉ោងប្រមាណជា១ថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៨ នៅក្នុងធនាគារ RHB ឥណ្ឌូឆៃណា ស្ថិតនៅមុខសាលាវ៉ាន់ដា តាមបណ្តោយផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមរបាយការណ៍ ខ្មាន់កាំភ្លើង ដែលចូលទៅក្នុងធនាគារមានគ្នីគ្នាប្រមាណ៥នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយ កាំភ្លើងខ្លីជាច្រើនដើម ក្រោយពីប្រមូលបានលុយកាក់មួយចំនួនរួចមក ពួកគេបាននាំគ្នារត់ គេចខ្លួនបាត់ដោយសុវត្ថិភាព។
យោងតាមសន្តិសុខយាមកាពារធនាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) បានប្រាប់សមត្ថកិច្ច ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលសន្តិសុខកំពុងអង្គុយយាមជាធម្មតា នៅក្រោមឆ័ត្រ នៅមុខធនាគារ ក៏ស្រាប់តែមានជនសង្ស័យស្លៀកពាក់ស៊ីវិលបានដើរ មកក្បែរសន្តិសុខរួចដកកាំភ្លើងខ្លី ធ្វើសកម្មភាពភ្ជង់គ្រៀកសន្តិសុខម្នាក់ និងរុញនាំចូលទៅក្នុងធនាគារ ហើយបន្តភ្ជង់បុក្គលិកឲ្យប្រមូលលុយឲ្យពួកវា រួចនាំគ្នារត់ចេញឡើងជិះម៉ូតូបក្សពួកវាដែលរង់ចាំនៅក្បែនោះ ជិះគេចខ្លួនចេញបាត់ដោយសុវត្ថិភាព ។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុ សន្តិសុខ និងបុគ្គលិកមួយចំនួន ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរភ្លាមៗដែរ។
ប្រភពដដែលបន្តថា ករណីប្លន់នេះ មិនបានបង្កឲ្យបុគ្គលិកធនាគាររងរបួសអ្វីនោះទេ ប៉ុន្តែទឹកប្រាក់ប្រមាណជា១០ម៉ឺនដុល្លារ ត្រូវបានរាយការណ៍ថា ត្រូវក្រុមជនល្មើសប្លន់យកទៅបានសម្រេច។
ប៉ុន្តែទោះបីជាយ៉ាងណា ក៏មិនទាន់មានការបញ្ជាក់ពីតំណាង ធនាគារនៅឡើយពីចំនួនការបាត់លុយនោះនៅឡើយទេ ខណៈនេះ កំលាំងសមត្ថកិច្ចមូលដ្ឋានក្រុង និងក្រសួង មហាផ្ទៃ បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យនិង ស្រាវជ្រាវវែកមុខរកក្រុមជនសង្ស័យ តាមរយៈបើកមើលកាំមេរ៉ាសុវត្តិភាព នៅទីតាំងធនាគារ RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា) ផ្ទាល់តែម្តង៕