ភ្នំពេញ ៖ បើរាប់ទាំងគម្រោងក្នុងឆ្នាំនេះទៀត គឺជាឆ្នាំទី៥ហើយ ដែលសម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុន សែន បានជួបសំណេះសំណាល និងផ្តល់កាដូដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយ ភូមិ ( បាក់ឌុប) ដើម្បីលើកទឹកចិត្ត និងផ្តល់អនុសាសន៍នានាសម្រាប់សិស្សានុសិស្ស បន្តការសិក្សា ទៅមុខទៀត។
សូមរំលឹកថា ឆ្នាំ២០១៤ គឺជាចំណុចចាប់ផ្តើម នៃកំណែទម្រង់រឹតបន្តឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងរដ្ឋាភិបាលអាណត្តិទី៥។ លទ្ធផល នៃការរឹតបន្តឹងនេះ បានធ្វើឱ្យចំនួនបេក្ខជនដែលប្រឡងជាប់ ធ្លាក់ចុះយ៉ាងគំហុក ដោយនៅឆ្នាំ២០១៤ ចំនួនសិស្សប្រឡងជាប់ មានត្រឹម ២៥,៧២% ប៉ុណ្ណោះ។ តួលេខនេះ គឺខុសគ្នាស្រឡះ ពីតួលេខកាលពីឆ្នាំ២០១៣ ដែលមានដល់ ៨៦,៧៧%។
ក្នុងនោះ សិស្សជាប់និទ្ទេស A ក៏មានចំនួនតិចតួចផងដែរ ខុសពីឆ្នាំសព្វមួយដង។ យ៉ាងណាមិញ វាអាចចាត់ទុកជារឿងល្អមួយដែរ ព្រោះសិស្សនិទ្ទេស A បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណជន ព្រមទាំងថ្នាក់ដឹកនាំកំពូលដូចជា សម្ដេច ហ៊ុន សែន ជាដើម ហើយចាប់ តាំងពីឆ្នាំ២០១៤ មកសិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ទាំងអស់ ត្រូវសម្ដេចនាយករដ្ឋមន្ត្រីជូនអំណោយដូចជា ៖
• បាក់ឌុប ឆ្នាំ២០១៤
សិស្សនិទ្ទេស A មានតែ ១១នាក់តែប៉ុណ្ណោះ។ អំណោយដែលពួកគេម្នាក់ៗ ទទួលបានពីសម្ដេច ហ៊ុន សែន មានដូចជា ម៉ូតូ១គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង (តម្លៃ ១២៥០ដុល្លារ) iPad ១គ្រឿង អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ ៣.០០០ដុល្លារ (១០០០ដុល្លារជាថវិកាសម្ដេចផ្ទាល់ ឯ ២០០០ដុល្លារទៀត បានពីសំណាក់សប្បុរសជននានា)។
• បាក់ឌុប ឆ្នាំ២០១៥
ចំនួនសិស្សនិទ្ទេស A បានកើនឡើងដល់ ១០៨នាក់។ សម្ដេច ហ៊ុន សែន បានឧបត្ថម្ភឲ្យសិស្សនិទ្ទេស A ក្នុងម្នាក់ៗនូវទឹកប្រាក់ចំនួន ២លានរៀល ថេបប្លេតម៉ាក Samsung ១គ្រឿង កាក់ប្រាក់អនុស្សាវរីយ៍១ សៀវភៅអនុស្សាវរីយ៍១ក្បាល និងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដោយអាស្រ័យទៅលើសកលវិទ្យាល័យក្នុងប្រទេស។
• បាក់ឌុប ឆ្នាំ២០១៦
រង្វាន់ដែលសម្ដេច ហ៊ុន សែន បានឲ្យសិស្សនិទ្ទេស A ទាំង ៤០៥នាក់ កាលពីឆ្នាំ២០១៦ មាន ថេបប្លេតម៉ាក Samsung ១គ្រឿង ភ្ជាប់ជាមួយនឹងអ៊ីនធឺណិត ឥតគិតថ្លៃ៣ខែ កាក់ប្រាក់អនុស្សាវរីយ៍១ និងថវិកាចំនួន ២លានរៀល។
• បាក់ឌុប ឆ្នាំ២០១៧
សម្រាប់សិស្សនិទ្ទេស A ចំនួន ៤២៤នាក់ នៅឆ្នាំ២០១៧ ត្រូវសម្ដេចនាយករដ្ឋមន្ត្រីប្រគល់អំណោយលើកទឹកចិត្តដូចជា ថវិកា ២លានរៀល iPad ១គ្រឿង និងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ១៥១៤ ដែលបានស្រាវជ្រាវយកពីប្រទេសហុល្លង់មកវិញ) ចំនួន១។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មកររោងចក្រជិត២ម៉ឺននាក់ ក្នុងខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់ ហើយទទួលបាននិទ្ទេស A នឹងត្រូវសម្ដេចផ្ដល់ជូននូវកាដូលើកទឹកចិត្ត ដូចកាលពីឲ្យសិស្សនិទ្ទេស A ឆ្នាំ២០១៧ អ៊ីចឹងដែរ។
គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ បានប្រព្រឹត្តចប់រួចរាល់កាលពីថ្ងៃទី២០ និង ២១ ខែសីហា ដោយក្នុងនោះមានចំនួនបេក្ខជន(១១ម៉ឺន៧ពាន់៦១នាក់) ចែកចេញជា ២ក្រុមគឺថ្នាក់វិទ្យាសាស្ត្រ ៥១,៧% និងថ្នាក់វិទ្យាសាស្ត្រសង្គម ៤៨,៣%។ លទ្ធផលបាក់ឌុបលើកនេះ ក្រសួងប្រកាសនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែកនៅតាមបណ្ដាខេត្តដទៃទៀត នឹងត្រូវប្រកាសនៅព្រឹកថ្ងៃបន្ទាប់ គឺទី១២ ខែសីហា ឆ្នាំ២០១៨ ៕