ភ្នំពេញ ៖ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក អ៊ុ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ ។
សូមជម្រាបថាលោក អ៊ុ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។ ដីការបស់តុលាការបានបញ្ជាក់ថា តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ អ៊ុ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៦ ត្រូវបានលើកលែងទោស គប្បីធ្វើការដោះលែងឲ្យមានសេរីភាព វិញ។
គួរបញ្ជាក់ថា លោក អ៊ុ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ហើយត្រូវបានតុលាការសម្រេចចេញដីកា ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ (លេខ៥៤) ផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួន ពីរបទល្មើសគឺបទ ញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ (បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឱ្យមានការរើសអើងដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម៕។
ដោយឡែកនៅវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែសីហា នេះ នៅមុខពន្ធនាគារព្រៃស(ម១)ពុំឃើញមានវត្តមានសមាជិកបក្សប្រឆាំង ក្រុមគ្រួសាររង់ទទួលរូបលោកឡើយ។ ក្រោយពីសមត្ថកិច្ចរបស់ពន្ធនាគាររៀបចំបំពេញបែបបទឯកសាររួច លោក អ៊ុំ សំអាន ត្រូវបានចាក់ចេញពីពន្ធនាគារព្រៃស(ម១) តាមច្រកទ្វារធំខាងត្បូងតាមរថយន្ត១គ្រឿងម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-2758 ឆ្ពោះដំណើរយ៉ាងលឿនទៅកាន់លំនៅដ្ឋានដោយមិនបានផ្តល់បទសម្ភាស់ដល់អ្នកកាសែតណាម្នាក់ឡើយ៕