ភ្នំពេញ ៖ តាមការគ្រោងទុក រដ្ឋសភា នីតិកាលទី៦ នឹងបើកសម័យប្រជុំដំបូងនៅថ្ងៃពុធទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុង ពិធីដ៏មហាឡារឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រ កម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវអញ្ជើញចូលរួមជាកិត្តិយសផងដែរ នេះតាមការការជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
សេចក្តីជូនដំណឹងបានឲ្យដឹងថា បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យ ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នឹងផ្តើមការងារក្រោមអធិបតីភាពរបស់សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាដើម្បី៖ (១).សម្រេចអំពីសុពលភាពនៃអាណត្តិ របស់សមាជិកនីមួយៗ និង (២).ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៦។ ដោយ ឡែកនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨ ព្រឹក រដ្ឋសភាធ្វើការបោះឆ្នោត ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា ហើយមាជិករដ្ឋសភាទាំង ១២៥ រូបមកពីគណបក្សប្រជាជនកម្ពុជា ដែលកើត
ចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា
ឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចំនួន ២០ចូលរួម នឹងផ្តល់សេចក្តីទុកចិត្តចំពោះរាជ រដ្ឋាភិបាលផងដែរ។
សូមជម្រាបជូនថា តំណាងរាស្ត្រ នីតិកាលទី៦ ទាំង ១២៥រូប តំណាងឲ្យមណ្ឌលទាំង ២៥ ទូទាំងប្រទេស នឹងត្រូវចូលធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជ វាំង នាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ៕