ភ្នំពេញ ៖ តាមរយៈចំណារមួយនាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាព តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចប្រជុំដោះស្រាយ ចំពោះបញ្ហាតឹងណែនចង្អៀត នៅ ក្នុងពន្ធនាគារ បន្ទាប់ពីចំនួនទណ្ឌិត នៅទូទាំងប្រទេស មានកំណើនកាន់តែច្រើនឡើង។
តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដែល ជម្រាបជូនសម្តេចតេជោ បានង្ហាញថា៖មកទល់ពេលនេះ ស្ថានភាពក្នុងពន្ធនាគារ មានភាពចង្អៀត ណែន ស្ទើរគ្រប់ពន្ធនាគារទូទាំងប្រទេស ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ជនជាប់ឃុំសរុប ៣១.០០៨នាក់ ក្នុងនោះ ជនដែលស្ថិតនៅក្នុងនីតិវិធីតុលាការ មានរហូតដល់២២.២៩៥នាក់ ហើយលើសពីនេះ ជនជាប់ឃុំមួយចំនួន ពុំទាន់មានសាលក្រម ឬសាលដីកាស្ថាពរទេ ទោះបីតុលាការបានជំនុំជម្រះចប់សព្វគ្រប់ហើយក្តី៕