ធ្វើអត្តឃាត​ដ៏អាថ៌កំបាំងក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៃ​អធិកា​ដ្ឋា​ន​នគរបាល​ខ​ណ្ខ​ច្បារអំពៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2018 ក+ ក-

​ភ្នំពេញ ៖ នៅរសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយលេចឮថា មានជនសង្ស័យ​ម្នាក់ បានធ្វើ​អត្តឃាត​ដោយ​ចងក នៅក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​លេខ ៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ។ ក្នុងពេល​កើតហេតុ គ្មាន​មន្ត្រី​ណា​ម្នាក់ ហ៊ាន​បង្ហើប​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ ឬពី​មូលហេតុ​នៃ​ការចាប់​ឃុំខ្លួន និង​ការធ្វើអត្តឃាត​ដ៏​អាថ៌កំបាំង​នោះឡើយ​។​

​ប្រភពព័ត៌មាន​ពី​ក្រៅរបង​អធិការដ្ឋាន​គ​របាល​ខណ្ឌ បាន​ឲ្យ​ដឹងថា ករណីចងក​ធ្វើអត្តឃាត នៅក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន ដ៏​អាថ៌កំបាំង​នេះ មិនមាន​អ្នកណាម្នាក់​បានដឹង​ពី​មូល​ហេតុអ្វី​នោះឡើយ ព្រោះតែ​កម្លាំង​មាន​សមត្ថកិច្ច មិនបាន​អនុញ្ញាតអោយ​អ្នកយកព័ត៌មាន​ចូលទៅ​ថតរូប​ភាព និង​ហាក់ដូចជា​ព្យាយាម​លាក់បាំង​ព័ត៌មាន​នេះ​ទៀតផង​។

​ប្រភពព័ត៌មាន​ដដែល​បាន​ប្រាប់​ឱ្យដឹងថា ក្រោយពី​កម្លាំង​នគរបាល​របស់​អធិការ​ខណ្ឌ​ច្បារអំពៅ បាន​នាំខ្លួន បុរស​ជា​ជនសង្ស័យ​ដែល​ធ្វើអត្តឃាត​នោះ វិលត្រឡប់​មកពី​តុលាកា​រាជធានី​វិញ ក៏បាន​នាំយក​មកកាន់​បន្ទប់​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​សិន មុននឹង​បញ្ជូនបន្ត​ទៅកាន់​ពន្ធនាគា​រ​ព្រៃ​ស នា​ល្ងាច​ម៉ោង ៣​រសៀល ថ្ងៃទី​២៨ ខែវិច្ឆិកា ដដែល​នេះ​។​

​លុះ​ដល់ពេល​ដែល​ត្រូវ​នាំខ្លួន​បុរស​ជនសង្ស័យ ទៅកាន់​ពន្ធនាគារព្រៃ​ស ក៏​ស្រាប់តែ​ប្រទះឃើញ​រូបគេ ចងក ធ្វើអត្តឃាត​ស្លាប់បាត់​​ទៅហើយ ទើប​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល​កើតឡើង​យ៉ាងខ្លាំង​តែម្តង​។​

​សូមបញ្ជាក់ថា ក្រោយពេល​កើតហេតុ គេ​ឃើញ​មាន​កម្លាំង​យាមកាម​នៅ​មាត់ទ្វារ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​យ៉ាង​តឹងរ៉ឹង និង​មិន​អនុញ្ញាតអោយ​ចូល​ដូច​លើក​ពេលមុនៗ​ឡើយ ហើយ​អ្នកកាសែត​រាប់សិប​នាក់​ដែល​រង់ចាំ​ប្រមាញ់​ព័ត៌មាន​នៅ​ខាង​ក្រៅរបង​ទាំងអស់ គ្មាន​នរណាម្នាក់​អាច​ដឹងបាន​ថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​បទល្មើស​អ្វី​នោះឡើយ ហើយក៏​មិនដឹងថា ការសម្រេចចិត្ត​ធ្វើអត្តឃាតរ​បស់ជនស​ង្ស័​យ​ដោយសារ​មូលហេតុ​អ្វី​នោះដែរ​៕