ភ្នំពេញ ៖ មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកាលពីថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បាន ប្រៀបធៀបប្រាក់ឈ្នួលកម្មករនៅកម្ពុជា ទៅនឹងប្រាក់ឈ្នួលកម្មករនៅប្រទេសដទៃ ដើម្បីឲ្យកម្មករនៅកម្ពុជា ពិចារណាមុននឹងទាមទារ។ សម្តេចតេជោ បានរំលឹកថា បើទាមទារខ្លាំងហួសហេតុខ្ពស់ពីប្រទេសដទៃ វានាំឲ្យបាត់បង់ការវិនិយោគទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា ប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរនៅ បង់ក្លាដេស ៦៧ដុល្លារ, ស្រីលង្កា៦៧ដុល្លារ, ឥណ្ឌាពី៧៧ដុល្លារ ដល់១៤៣ដុល្លារ, មីយ៉ាន់ម៉ា ១០៨ដុល្លារ, ឥណ្ឌូនេស៊ី ពី ១០៦ដុល្លារ ដល់ ២៦៧ដុល្លារ, វៀតណាម ពី១២២ដុល្លារ ដល់ ១៧៥ដុល្លារ, ឡាវ១៣៣ដុល្លារ និងប៉ាគីស្ថាន ១៣៤ដុល្លារ៕