ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា នេះ បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងការងារ ក្រសួងយុត្តិធម៌ តុលាការ និងប្រធានៗសហជីព ធ្វើការរួមគ្នាដើម្បីឈានទៅបិទបញ្ចប់សំណុំរឿងពាក់ព័ន្ធនឹងសហជីពឲ្យបានឆាប់។
នាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសហជីពដែលជាប់បណ្ដឹងទាំងអស់ បញ្ជូនពាក្យបណ្ដឹងទៅរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីរដ្ឋមន្ត្រីក្រសួងការងារធ្វើការងារនេះ បន្តជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោះស្រាយឲ្យបានឆាប់រហ័ស។ បើតាមសម្តេចតេជោ ហ៊ុន សែន ក្រោយការស៊ើបអង្កេតរួចរាល់ ប្រធានសហជីពអាចរួចផុតពីការជំនុំជម្រះ ឬក៏តម្កល់រឿងទុកមិនចាត់ការតែម្ដង។
សូមជម្រាបថា នេះជាលើកទី២ហើយ ដែលសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ចប់បណ្ដឹងទាក់ទិននឹងការចោទប្រកាន់សហជីព ត្រឹមចុង ឆ្នាំ២០១៨ នេះ៕