ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាដើមខែធ្នូ ខាងមុខនេះ ដែលគេរំពឹងថានឹងមានការពិភាក្សាគ្នាទៅលើបញ្ហាព្រំដែននៃប្រទេសទាំង២។
នេះបើតាមការបញ្ជាក់របស់លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែង ប្រាប់ឲ្យដឹង នៅក្រោយជំនួបទ្វេភាគីរវាងឯ.ឧ ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតឡាវតែងតាំងថ្មី ប្រចាំនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី២៨ ខែវិច្ឆិកា។
បើតាមមន្ដ្រីព្រំដែន បានឲ្យដឹងថា កម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០គីឡូម៉ែត្រដោយត្រូវបោះបង្គោលព្រំដែនប្រមាណ១៤៥បង្គោល។ ប៉ុន្តែមកទល់ពេលនេះភាគីទាំង២ បានបោះរួចចំនួន ១២១បង្គោល នៅសល់ប្រមាណ ២៤បង្គោលទៀត ខណៈចំណុចនៅសេសសល់នោះ ស្ថិតនៅក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
គួររំលឹកថា បញ្ហាព្រំដែន បានធ្វើឲ្យកម្ពុជា.ឡាវ ប្រឈមមុខដាក់គ្នាកាលពីខែសីហា ឆ្នាំ២០១៧ ដោយសារកងទ័ពឡាវ បានចូលមកឈរជើងនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង៕