ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ដែលជាថ្ងៃទី២ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកដ្ឋមន្ធូ ប្រទេសនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាប្រាសាទបុរាណចំនួន២ កន្លែង ក្នុងទីក្រុងកដ្ឋមន្ធូ ដែលជាប្រាសាទត្រូវបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក របស់អង្គការ យូណេស្កូ។
ប្រាសាទបុរាណចំនួនពីរដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនា គឺ មហាវិហារប្រាសាទមាស ព្រះវិហារព្រះពុទ្ធសាសនាមហាយាន ដែលជាសំណង់គរុភណ្ឌបុរាណដ៏ល្បីល្បាញ របស់ប្រទេសនេប៉ាល់។ ទីតាំងប្រវត្តិសាស្ត្រទាំងពីរនេះ ជាសំណង់ប្រវត្តិសាស្ត្រដ៏ចាស់ បុរាណបំផុត របស់ប្រទេសនេប៉ាល់ ដែលកសាងឡើងដោយរាជវង្ស និងបុព្វបុរសនេប៉ាល់ នៅក្នុងឆ្នាំ១៩២៦ ។
គួរកត់សំគាល់ថា កម្ពុជា នេប៉ាល់ មានកិច្ចសហប្រតិបត្តិការផ្នែកសាសនា ដែលនេប៉ាល់បានអនុញ្ញាតឲ្យកម្ពុជា សាងសង់វត្តខ្មែរមានឈ្មោះថា វត្តខ្មែរលម្ពិនី មានផ្ទៃក្រឡា២០០ម៉ែត្រការ៉េ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦៕