ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលមានបុរសជនជាតិចិនម្នាក់ បែកថ្នាំញៀន បានយកកាំបិត ខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ ហើយបានចាប់ក្រៀកស្ត្រីវ័យចំណាស់ម្នាក់ ធ្វើចំណាត់ខ្មាំង បង្កការភិតភ័យនឹងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែធ្នូរ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភ្លាមៗនោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ ស្រាប់តែជនសង្ស័យដែលបែកថ្នាំខាងលើ បានកាប់ចំដៃរបស់សមត្ថកិច្ច បណ្តាលឲ្យរបួសហើយ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ទាំងជនសង្ស័យ និងសមត្ថកិច្ចដែលរងរបួស។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបែកថ្នាំញៀន បានដើរអុកឡុកតាមទីសាធារណៈនេះ មិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាជនជាតិចិន។ ចំណែកស្ត្រីដែលត្រូវជនសង្ស័យចាប់ក្រៀកធ្វើចំណាត់ខ្មាំងមានឈ្មោះ មាស សានី អាយុ៧០ឆ្នាំ មានមុខរបរដើរលក់អំពៅសាង ស្នាក់នៅផ្ទះជួលបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន (រងរបួសក្បាល និងជើង) និងសមត្ថកិច្ចម្នាក់ទៀតដែលរងរបួសកដៃខាងស្តាំ គឺជាលោកអនុសេនីយ៍ទោ ម៉ៅ សំណាង នៅផ្នែកកម្លាំងអន្តរាគមន៍ ។ អ្នកទាំង៣នាក់ មានទាំងជនសង្ស័យ សមត្ថកិច្ច និងជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេមិនបានដឹងថាបុរសខាងលើនេះបានដើរមកពីណានោះទេ ដោយដៃមានកាន់កាំបិត ហើយកាប់ខ្លួនឯងប្រឡាក់សុទ្ធតែឈាម បានដើរអុកឡុកប្រជាពលរដ្ឋពេញផ្លូវ និងគំរាមកាប់ទៀតផង បង្កការភិតភ័យយ៉ាងខ្លាំង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ បានចាប់ក្រៀកស្ត្រីវ័យចំណាស់ម្នាក់ ដែលជាអ្នកលក់អំពៅតាមរទេះមកធ្វើជាចំណាត់ខ្មាំង បណ្តាលឲ្យរងរបួសក្បាល និងជើង។ ភ្លាមៗសមត្ថកិច្ចបានចុះមកអន្តរាគន៍រំដោះស្ត្រីរងគ្រោះ ដោយភ្លាមនោះ លោកអនុសេនីយ៍ទោ ម៉ៅ សំណាង បានស្ទុះចូលទៅវាយដៃជនសង្ស័យ ដើម្បីឲ្យជ្រុះកាំបិត ហើយរំដោះយកស្ត្រីរងគ្រោះចេញ តែក៏ត្រូវជនសង្ស័យកាប់ចំដៃបណ្តាលឲ្យរងរបួសកដៃខាងស្តាំ ទើបកងកម្លាំងសមត្ថកិច្ចចូល ផ្សេងទៀតស្ទុះចូលទៅក្រៀកចាប់បានជនសង្ស័យតែម្តង។
ជនជាតិនេះ ត្រូវបានសមត្ថកិច្ចនាំយកចេញពីកន្លែងកើតហេតុបាត់ភ្លាមៗ តែមិនទាន់ដឹងថានាំយកទៅណានោះឡើយ៕