ព្រះវិហារ ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីណែនាំដល់អាជ្ញាធរមូលដ្ឋាន និង មន្ត្រីនានា ត្រូវរៀបចំសម្អាតបរិវេណមាត់ច្រកអានសេះឲ្យបានស្អាត ដើម្បីត្រៀម លក្ខណៈបើកច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់នេះ។
លោកអភិបាលខេត្តព្រះវិហារ បានលើកឡើងថា រាជរដ្ឋាភិបាល បានព្រមព្រៀងគ្នាជាមួយ ភាគីពាក់ព័ន្ធរួចរាល់ហើយ ក្នុងការបើកច្រកអន្តរជាតិចំនួន៤ ក្នុងឆ្នាំ២០១៩ នេះ ដែលធ្វើ ការបើកព្រមគ្នាតែម្តង គឺមិនបើកម្តងមួយៗទេ ហើយក្នុងច្រកអន្តរជាតិទាំង៤នេះ គឺមាន ច្រកអានសេះ មួយដែរ។
លោក អ៊ុន ចាន់ដា បានបន្ថែមថា នីតិវិធីនៃការដាក់ឲ្យដំណើរច្រកអន្តរជាតិនេះ គឺធ្វើព្រមគ្នា ហើយទីតាំងត្រូវប្រារព្ធអាចនៅខេត្តពោធិ៍សាត់ ឬខេត្តបាត់ដំបង ខណៈខេត្តទាំងពីរនេះក៏ មាន ច្រកអន្ដរជាតិ ចំណែកនៅខេត្តឧត្តរមានជ័យ មានច្រកជប់គរគី ដូច្នេះខេត្តព្រះវិហារ គឺ ច្រកអានសេះនេះតែម្ដង។
ដូច្នេះកម្មវិធីនៃការបើកដំណើរការនៃច្រកនេះ គឺប្រព្រឹត្តទៅក្នុងម៉ោងពេលតែមួយ ប៉ុន្តែថ្នាក់ ដឹក នាំយកច្រកមួយធ្វើជាគោល ហើយសម្តេចក្រឡាហោម ស ខេង ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបើក។
ចំពោះកិច្ចប្រជុំនៅថ្ងៃនេះ លោក អ៊ុន ចាន់ដា បានស្នើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ ព័ន្ធ ត្រូវធ្វើការដោះស្រាយឲ្យបានស្អាត ចំពោះទីតាំង ដែលជាបញ្ហាប្រឈម ដែលលើក ឡើងដោយភាគីថៃ ទៅលើតូបខាងស្តាំដៃ ហើយត្រូវធ្វើការសម្អាតឲ្យស្អាតអត់មានទុកទេ ព្រោះនៅក្នុង MoU ឆ្នាំ២០០០ ឲ្យរក្សាស្ថានភាពដើមទាំងអស់ តូបផ្សារពីមុនមានប៉ុន្មាន សំណង់ពីមុនមានប៉ុន្មាន គឺត្រូវរក្សាទាំងអស់អ្វីដែលសាងសង់ថ្មី ត្រូវសម្អាតឲ្យអស់ ចំពោះ អ្នកដែលពាក់ព័ន្ធជាមួយតូបត្រូវដកខ្លួនថយជាបន្ទាន់។
ចំពោះកិច្ចប្រជុំដែលកម្ពុជា ត្រូវប្រជុំជាមួយភាគីថៃ ខេត្ត អ៊ូប៊ុន នៅពេលខាងមុខនេះ គឺបាន លើកបញ្ហាត្រៀមលក្ខណៈដី៣ហិកតា សម្រាប់រៀបចំរដ្ឋបាលរបស់ច្រក។ ទន្ទឹមនឹងនេះ លោកបានណែនាំឲ្យមន្ត្រីទាំងអស់ ត្រូវត្រៀមលក្ខណៈក្នុងការរៀបចំច្រក ដោយមិនធ្វើ សំណង់រឹងបានទេ គឺដាក់អូស្កូដូចនៅច្រក ជាំសាង៉ាំ៕