លែងមានទៀតហើយ បញ្ហាបោះបង់ ចោលការរៀនសូត្រ ព្រោះសាលានៅឆ្ងាយពីផ្ទះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2019 ក+ ក-
ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា អត្រាបោះបង់ការ សិក្សា ព្រោះ សាលារៀននៅ ឆ្ងាយពីផ្ទះ លែងជាបញ្ហាចោទទៀតហើយ។លោក អ៊ុន ចាន់ដា អភិ បាលខេត្តព្រះវិហារ បានណែនាំឱ្យលោកនាយក សាលា លោកគ្រូ អ្នកគ្រូត្រូវរៀបចំ សោភ័ណ្ឌសាលារបស់ខ្លួនឱ្យបានស្អាត ដើម្បីជាភាពទាក់ទាញដល់ សិស្សចង់ មក រៀនសូត្រ។

លោកអភិបាលខេត្តបានអះអាងទៀតថាអត្រាបោះបង់ការសិក្សារបស់សិស្សដោយសារមូលហេតុសាលារៀនឆ្ងាយពីផ្ទះ លែងជាបញ្ហាទៀតហើយ ព្រោះ នៅតាមភូមិ ឃុំខ្លះរាជរដ្ឋា ភិបាលសាងសង់សាលារៀន រហូតដល់កំរិត អនុ វិទ្យាល័យឯណោះ។

លោកអភិបាលខេត្តថ្លែងបែបនេះក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៧ និង២០១៨ និងលើកទិសដៅឆ្នាំសិក្សា ២០១៨ និង២០១៩ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា«បញ្ហាសំខាន់ដែល យើងត្រូវគិតគូរ នៅ ពេលនេះ គឺយើង ត្រូវរកវិធីសាស្ត្រធ្វើយ៉ាងណា ទាក់ទាញសិស្សឱ្យចង់ រៀន ដោយក្នុងនោះគ្រប់សាលារៀនត្រូវរៀបចំសោភណ្ឌភាពឲ្យបានស្អាត មាន របង មានខ្លោងទ្វារ មានទីតាំងលេងកីឡាជាដើម»។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់លោក នាយកសាលា មួយចំនួន ដែល ដឹងខ្លួនថាសាលារៀនរបស់ខ្លួនមិនទាន់មានសោភណ្ឌទេ គួរតែត្រឡប់ទៅវិញ។ត្រូវដឹក នាំលោកគ្រូ អ្នគ្រូសិស្សានុសិស្ស តាមរយៈ ការធ្វើពលកម្មមួយប្រចាំសប្តាហ៍ម្តង ត្រូវនាំ គ្នាធ្វើឱ្យបានស្អាត មិនត្រូវ ឱ្យព្រៃដុះពេញសាលានោះទេ។

ដោយឡែក សន្និបាតអប់រំនៅពេលនេះ គឺជាឱកាសឲ្យយើងបានជួបជុំគ្នា រវាងអ្នកពាក់ព័ន្ធ ក្នុង វិសយ័អប់រំ ដើម្បីធ្វើការបូកសរុបវាយតម្លៃ នៃការ អនុវត្តគោលនយោបាយអប់រំ ជា ពិសេសផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ដែលបានអនុវត្តកន្លងមក។

ទន្ទឹមនោះយើងបានសម្រេចដាក់ចេញនូវវិធានការ និងទិសដៅការងារ សម្រាប់ឆ្នាំ សិក្សាថ្មី នេះឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របទៅនិង តម្រូវការចាំបាច់ នៃការសិក្សារៀន សូត្រ របស់សិស្សានុសិស្ស នៅគ្រប់ កម្រិតសិក្សាទូទាំងខេត្ត។

ជាមួយនឹងទិសដៅដែលអង្គសន្និបាត បានសម្រេចរួចមកហើយ លោក អ៊ុន ចាន់ដា បាន ផ្តល់អនុសាសន៍ មួយចំនួនដែលពាក់ព័ន្ធទៅនឹងការ អនុវត្ត គោលនយោបាយអប់រំ ទាំង ២សម្រាប់អនុវត្តនៅឆ្នាំសិក្សាខាងមុខ។

ក្នុងនោះរួមមាន ធានាការអប់រំមានគុណភាពសមធម៌ បរិយាប័ន្ន និងលើក កម្ពស់ ឱកាស ការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និងធានាភាព ស័ក្កិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់៕