ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះ និងម្នាក់ទៀតបាន រត់ឡើងទៅលើអាគារជាន់ទី៧នៃខនដូមួយកន្លែង ហើយលោតចុះមកក្រោមបណ្តាលឲ្យរងរបួសស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅផ្លូវលេខ១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។
បើយោងតាមសមត្ថកិច្ចប៉ុស្តិបឹងត្របែក និងកម្លាំងអន្តរាគមន៍ខណ្ឌចំការមន បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចរបស់កម្លាំងអធិការដ្ឋានខណ្ឌចំការមន បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរដូវចូលឆ្នាំចិន វៀតណាម។
ពេលដែលទទួលព៍ត័មានថាមានក្រុមចោរឆក់កាបូបពីជនបរទេសបានសម្រេច ភ្លាមៗ នោះកម្លាំងអន្តរាគមន៍ខណ្ឌចំការមន សហការណ៍ជាមួយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក បានចេញដេញប្រផិតប្រភីញឃាត់ខ្លួនបានជនសង្ស័យម្នាក់វាយខ្នោះបញ្ជូនទៅសាកសួនៅប៉ុស្តិ៍នគរបាលបឹងត្របែកចំណែកជនសង្ស័យម្នាក់ទៀត បានព្យាយាមរត់គេចពី សមត្ថកិច្ចផ្លោះចូលក្នុងខនដូ ជាន់ទី៧ ហើយកម្លាំងសមត្ថកិច្ចបានឡោមពទ្ធ័ ដើម្បីចូលទៅចាប់ជនសង្ស័យ។ ខណៈដែលជនសង្ស័យបានឃើញសមត្ថកិច្ច មានការភិតភ័យបានលោតចុះពីជាន់ទី៧ ធ្លាក់ចុះមកលើដំបូលផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ បណ្តលឲ្យបែកក្បាលហូរឈាមចេញតាមស្លឹកត្រចៀកស្លាប់ភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌចំការមន បានចុះធ្វើការពិនិត្យសពជនសង្ស័យខាងលើ ដើម្បីរកមធ្យោបាយលើកសពទម្លាក់មកក្រោម និងដឹកយកទៅតម្កល់ទុកនៅវត្ត ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកជន សង្ស័យម្នាក់ទៀត កំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕