បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលម៉ាឡៃធ្វើការឃាត់ខ្លួនបន្ទាប់ពីសង្ស័យថាបានរក្សាទុកនិងចរាចរជួញដូរគ្រឿងញៀនដោយខុសច្បាប់។ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នាព្រលប់ថ្ងៃទី២៧ខែមិនាឆ្នាំ២០១៩លើកំណាត់ផ្លូវជាតិលេខ៥៩មុខវត្តរតនៈម៉ាឡៃក្នុងភូមិសាស្ត្រភូមិថ្មីឃុំ-ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
លោក បេន សំអាត អធិការនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានអោយដឹងថា ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ស្នងការក្នុងកិច្ចការពារដល់សេចក្តីសុខរបស់ពលរដ្ឋគឺនៅរៀងរាល់យប់កម្លាំងនគរបាលស្រុកតែងតែចេញល្បាតនិងឈរនៅគ្រប់គោលដៅដើម្បីត្រៀមបង្ការនិងទប់ស្កាត់រាល់សកម្មភាពល្មើស។នៅវេលាម៉ោង០៦និង៤០នាទីព្រលប់ថ្ងៃទី២៧ខែមិនាឆ្នាំ២០១៩មុខសញ្ញាជាស្ត្រីបីនាក់បានបង្ហាញខ្លួននៅចំនុចចាប់ខ្លួនខាងលើ ដោយមានការសង្ស័យកម្លាំងល្បាតក៏បានស្ទាក់ឃាត់សួរនាំនិងឆែកឃើញមានគ្រឿងនៅក្នុងដៃ។
លោក បេន សំអាត បានបន្តថាក្រោយឆែកឆេរលើស្ត្រីទាំងបីដែលមានឈ្មោះ ១- តាំង ចន្ធូ អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ រស់នៅ សង្កាត់់ ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២- សោម ច័ន្ទចំប៉ា អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ថ្មរមៀល ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យនិង៣- ឈ្មោះ ទេស រ៉ូស្សា ហៅ មុំ អាយុ២៥ ឆ្នាំ មុខរបរ រៀន សំអាងការ រស់នៅភូមិ ថ្នល់បត់ ឃុំ ភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យរកឃើញគ្រឿងញៀនមេតំហ្វតាមីនប្រភេទទឹកកកមួយថង់ធំច្រករុំបិទជិត គ្រឿងញៀនហ្វតាមីនគ្រាប់ចំនួន៣,៩៦៧គ្រាប់ ក្នុងនោះ ថ្នាំពណ៌លឿងចំនួន៣៩គ្រាប់។
ក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញនិងតាមការឆ្លើយបំភ្លឺរបស់ស្ត្រីទាំងជាជនសង្ស័យកម្លាំងជំនាញនៃអធិការដ្ឋានស្រុកម៉ាឡៃសហការជាមួយអធិការដ្ឋានក្រុងប៉ោយប៉ែតបានបន្តឃាត់ខ្លួនបុរសម្នាក់ទៀតឈ្មោះ កែ រិន អាយុ ៤១ ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតជាមេក្លោងនារសៀលថ្ងៃទី២៨ខែមិនាឆ្នាំ២០១៩។
អធិការស្រុកម៉ាឡៃលោក បេន សំអាត ក៏បានបញ្ជាក់បន្ថែមផងដែរថាជនសង្ស័យប្រុសស្រីទាំង០៤នាក់នេះគឺទើបតែចេញពីគុកមិនទាន់បានប៉ុន្មានខែផង ឥឡូវជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនចូលគុកវិញដដែល ពិតជាមិនព្រមកែខ្លួនមែន។
ជនសង្ស័យទាំង០៤នាក់បច្ចុប្បន្នត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវរួចហើយ៕