តុលាការកោះហៅលោក សម រង្ស៊ី ឲ្យមកបំភ្លឺក្រោយថ្ងៃចូលឆ្នាំ ករណីញុះញង់កងទ័ព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2019 ក+ ក-

ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២២ ខែមេសា ពីបទចោទ “ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព”។ នេះបើយោងតាមដីកាកោះហៅចុះថ្ងៃទី ១៤ មីនា ឆ្នាំ២០១៩ ដែល មេគង្គប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ។

ដីកាកោះបានរៀបរាប់ពីសិទ្ធិទាំង ៥ របស់ជនជាប់ចោទដែលរួមមានសិទ្ធិទទួលដឹងឮនិងដីកាកោះឲ្យចូលខ្លួន សិទ្ធិបង្ហាញភ័ស្តុតាងសំអាង សាក្សី ឬធ្វើសំណូមពរផ្សេងៗ សិទ្ធិប្ដឹងបដិសេធចៅក្រមជំនុំជម្រះ សិទ្ធិការពារខ្លួនដោយខ្លួនឯង ឬសុំមេធាវីជួយការពារ ឬពឹងអ្នកដទៃណាមួយជួយការពារខ្លួន និងសិទ្ធិនិយាយសម្តី ចុងក្រោយបង្អស់។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២២ ខែមេសា ខាងមុខ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។

លោក សម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុក ថា «ខ្ញុំមិនខ្វល់ពីការកោះហៅរបស់តុលាការអាយ៉ងនេះទេ ហើយខ្ញុំនៅតែអំពាវនាវកាន់តែខ្លាំងឡើងៗ ហើយកាន់តែញឹកញាប់ទៅៗ។

គួររំលឹកថា លោក សម រង្ស៊ី ធ្លាប់បានថ្លែងនៅពេលមុននោះថា «សូមកងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាលកុំធ្វើតាមបញ្ជាពីមេដឹកនាំផ្តាច់ការ បើគេបញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់»។

បើតាមមាត្រាទាំង២ នៃច្បាប់នេះ លោក សម រង្ស៊ី ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល៕