ភ្នំពេញ ៖ លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច អាចវិលត្រឡប់ចូលស្រុកវិញដោយពុំមានការភ័យខ្លាចអ្វី ព្រោះពេលលោក(លឺឡាយស្រេង)ចេញទៅក្រៅប្រទេស គឺគាត់ទៅដោយខ្លួនឯង ព្រោះគាត់ បានប្រមាថព្រះមហាក្សត្រ ដោយខ្លួនឯង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១ ខែមេសា នេះ ខណៈដែលសម្តេចបាន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ ដល់និស្សិតចំនួន ៣.២១៣នាក់ នៃវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ។
សម្តេច បានមានប្រសាសន៍ហៅលោក លឺ ឡាយស្រេង ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា នឹងគ្មានការចោទប្រកាន់ទៅលើរូបលោក លឺ ឡាយស្រេង ទេ ហើយសម្តេចក៏បានប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចកុំឲ្យចាប់ចងរូបគាត់ ទៀតផង។
ការថ្លែងរបស់សម្តេចតេជោ នាពេលនេះ គឺនៅបន្ទាប់ពីមានការផ្សាយព័ត៌មានតាមរយៈសារព័ត៌មានបាងកកប៉ុស្ត៍ ដែលលោក លឺ ឡាយស្រេង បានអំពាវនាវស្នើសុំសម្តេចតេជោ ដើម្បីបានវិលត្រឡប់មករស់នៅលើទឹកដឺស្រុកកំណើតក្នុងជីវិតចុងក្រោយវិញ៕