ជិះម៉ូតូដេញបាញ់មនុស្សកណ្តាលក្រុងកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ កំលាំងសមត្ថកិច្ច កំពង់ចាម បាននិងកំពុងតាមស្រាវជ្រាវ រកអត្តសញ្ញាណជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញបាញ់ មនុស្សយ៉ាងអនាធិបតេយ្យ ទាំងកណ្ដាលអធ្រាត្រហើយគេចខ្លួនបាត់ស្រមោល។

ប៉ូលិសបានអោយដឹងថា ករណីប៉ុនប៉ងធ្វើមនុស្សឃាតដេញបាញ់ប្រើប្រាស់អាវុធខ្លីខាងលើនេះកើតឡើង បង្ករអោយមាន ការភ្ញាក់ផ្អើលនៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០០ៈ៣0នាទីរំលងអធ្រាតហើយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ បានទទួលពត៍មានពីប្រជាពលរដ្ឋថាមានករណី ផ្ទុះអាវុធ នៅចំណុចមុខខារ៉ាអូខេ គ្រួសារ ស្ថិតនៅក្នុងភូមិទី2 សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

ប៉ូលិសបានបន្តថាក្រោយពីទទួលពត៍មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយជំនាញព្រហ្មទណ្ឌក្រុងនិងជំនាញព្រហ្មទណ្ឌខេត្តបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ មានការបាញ់ដោយប្រើប្រាស់អាវុធខ្លីបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ01នាក់ ជិះម៉ូតូ ម៉ាកហ្សូម័រ ព៌ណក្រហម បានធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះចំនួន០២នាក់ ដែលជិះម៉ូតូ ម៉ាក់សេ125ពណ៌ខ្មៅ ផលិតឆ្នាំ2018 ។ក្នុងនោះមាន: ១.ឈ្មោះ ឡុក ប៊ុនលាង ភេទប្រុស អាយុ៣៤ឆ្នាំបណ្តាលអោយ រងរបួសធ្ងន់ ។ ២ ឆុន ចិន្តា ភេទប្រុសអាយុ២៥ឆ្នាំ ជាអ្នកឌុបរងរបួសស្រាល អ្នកទាំងពីរនៅភូមិគគរ១ ឃុំគគ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមការបំំភ្លឺពីជនរងគ្រោះ គឺមុនកើតហេតុខាងលើ គឺជនរងគ្រោះទាំងនាក់បានជិះម៉ូតូឌុបគ្នា ហើយបើកជែងម៉ូតូ១គ្រឿងទៀត ។

បន្ទាប់មកមានជនសង្ស័យម្នាក់បានជិះម៉ូតូមកដញបាញ់អ្នកទាំងពីរ រួចជនសង្ស័យគេចខ្លួនបាត់តែម្តង។ប៉ូលិសបានអោយដឹងថាបន្ទាប់មកសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរខេត្តកំពង់ចាម។ *ករណីខាងលើនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស៉ិនអង្កេតរកអត្តសញញាណជនសង្សយ័៕ អ សុផល