ភ្នំពេញ ៖ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរ ឆ្នាំ២០១៩ នេះ ក្រសួងយុត្តិធម៌ បានបើកកិច្ច ប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃដល់ទណ្ឌិតក្នុងការលើកលែងលែង និងបន្ធូរបន្ថយទោស ចំនួន ៤៦០នាក់ ក្នុងនោះមានស្ត្រី ៤៩នាក់ មកពីមណ្ឌលអប់រំកែប្រែ រាជធានី ខេត្ត ចំនួន១៨ នៅទូទាំងប្រទេស។
បច្ចុប្បន្ននេះ ស្ត្រីកំពុងជាប់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅតាមរាជធានី ខេត្ត មានជាង ២ពាន់នាក់ ដែលភាគីច្រើនពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងនោះក៏មានស្ត្រីទណ្ឌិតដែលមានកូន តូចរស់នៅ ជាមួយជាង ១២០នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក សុច សុផាន់ណារ៉ា អគ្គនាយក រងនៃអគ្គនាយករដ្ឋាន និងអយ្យការ នៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៤ ខែមេសា នៅទីស្តីក្រសួង ។
លោក សុខ សុផាន់ណារ៉ា បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់ចំពោះជនជាប់ទោសជាស្ត្រី ។ ជាពិសេសស្ត្រីដែលមានកូននៅជាមួយម្ដាយ ស្ត្រីដែលមានគភ៌ ស្ត្រីដែលចាស់ និងស្ត្រីដែលមានជំងឺធ្ងន់ធ្ងរ ។ ក្រោយពីមានការផ្តល់អនុសាសន៍សម្តេចនាយករដ្ឋមន្ត្រីមកក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំដោយបានកោះហៅស្ថាប័នតុលាការដែលមានប្រធានតុលាការ ប្រធានរាជអាជ្ញា ដើម្បីសុំទិន្នន័យស្ត្រីដែលកំពុងជាប់ក្នុងពន្ធនាគារ ។ ក្នុងកិច្ចប្រជុំក្រសួងយុត្តិធម៌ក៏បានជំរុញឲ្យប្រធានតុលាការ ប្រធានរាជអាជ្ញាការចាត់ការលើសំណុំរឿងស្ត្រីឲ្យបានឆាប់ផងដែរ ។
បើតាមការបញ្ជាក់របស់លោក សុច សុផាន់ណារ៉ា បានឱ្យដឹងថា ស្ត្រីដែលកំពុងជាប់ក្នុងពន្ធនាគារ គីរមកទល់ពេលនេះ មានសរុបចំនួន ២ ៤៤១នាក់ ក្នុងនោះស្ត្រីដែលមានគត៌៤៤នាក់ និងស្ត្រីមាន កូនតាមមកនៅជាមួយចំនួន ១២៦នាក់ ។
លោកក៏បានលើកឡើងទៀតថាសម្រាប់ការលើកលែងទោសចំពោះស្ត្រីដែលតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការលើកលែង និងបន្ធូរបន្ថយទោសចំពោះស្ត្រីមិនមែនធ្វើតែសម្រាប់ថ្ងៃចូលឆ្នាំនោះទេ គឺធ្វើជានិរន្ត ។ ទី១- ទាក់ទងនឹងនីតិវិធីតុលាការខាងក្រសួងយុត្តិធម៌ជំរុញឱ្យពន្លឿនលើបណ្ដឹងរបស់ស្ត្រី ទី២- រកឯកសារទាក់ទងនឹងសាលក្រមជាស្ថាពរ ដើម្បីនឹងងាយស្រួលបន្ទូលបន្ថយទោស និងលើកលែងទោស។
សូមជម្រាបថា ការលើកលែងទោសត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំមានចំនួនបីដង រួមមានថ្ងៃចូល ឆ្នាំ វិសាខបូជា និងថ្ងៃបុណ្យអុំទូក ។ តែប្រការគួរឲ្យកត់សម្គាល់ គឺសម្ដេចតេជោ លោកតែងតែផ្ដល់អាទិភាពដល់ស្ត្រីជានិច្ចក្នុងការលើកលែង និងបន្ថូរបន្ថយទោស ព្រោះថាអ្វីដែលចាប់អារម្មណ៍និងលំបាកចំពោះភ្នែកនោះ គឺស្ត្រីដែលមានកូននៅជាមួយម្ដាយក្នុងពន្ធនាគារ៕