ភ្នំពេញ ៖ លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៧ ខែមេសា នេះ បានវិលត្រឡប់មកទឹកដីកម្ពុជាវិញហើយ តាមជើងហោះហើរពីប្រទែសថៃ មកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក លឺ ឡាយស្រេង បានបង្ហាញទឹកមុខសប្បាយរីករាយ ដែលបានវិលមកស្រុកកំណើតវិញទាំងគ្មានក្តីបារម្ភ ដើម្បីបានចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។
សូមជម្រាបថា ការអញ្ជើញវិលមកមាតុភូមិវិញលោក លឺ ឡាយស្រេង គឺបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសកាលពីថ្ងៃទី១ ខែមេសា កន្លងទៅ ដោយបញ្ជាក់ថា អញ្ជើញលោក លឺ ឡាយស្រេង ឱ្យចូលមកក្នុងប្រទេសវិញដោយមិនមានការចាប់ខ្លួន និងមិនចាំបាច់ធ្វើលិខិតលើកលែងទោសនោះទេ ដោយសម្តេចតេជោ លើកឡើងថា លោក លឺ ឡាយស្រេង បានប្រមាថព្រះមហាក្សត្រដោយខ្លួនឯង ហើយបានចាកចេញទៅក្រៅប្រទេសដោយខ្លួនឯង។
គួររំលឹកថា បន្ទាប់ពីលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្រ្តី វ័យ៨៥ឆ្នាំ និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ចេញវីដេអូមួយនៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅ ដោយស្នើសុំសម្តេចតជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកបានវិលត្រឡប់មកស្រុកកំណើតវិញ ក្រោយពីលោកចាកចេញពីប្រទេសជិត ២ឆ្នាំ ដោយឯកឯងដើម្បីគេចពីបណ្តឹងពីមេធាវីសម្តេចតេជោ ហ៊ុន សែន និងមេធាវីតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងករណីប្រមាថព្រះមហាក្សត្រ និងមាក់ងាយគណបក្សហ៊្វុនស៊ិនប៉ិច៕