គុយបា ៖ ប្រជាជនគុយបា នៅតែព្យាយាមជំនះ បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ត្រាំ បានដាក់ទណ្ឌកម្មថ្មី និងចាត់វិធានការដាក់ទណ្ឌកម្មផ្សេងទៀត លើប្រទេសគុយបា ដោយព្យាយាមបង្កើនការដាក់សំពាធរបស់សហរដ្ឋអាមេរិក ទៅលើទីក្រុងឡាហាវាន់ ដើម្បីបញ្ចប់ការគាំទ្ររបស់ប្រទេសនេះ ចំពោះប្រធានាធិបតី សង្គមនិយមវ៉េណេហ្សូអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។
ក្នុងចំណោមវិធានការ ដែលប្រទេសគុយបាបានប្រកាស មានដូចជាការដាក់កម្រិតដែនកំណត់លើពលរដ្ឋអាមេរិក ដែលផ្ញើប្រាក់ ទៅកាន់ប្រទេសគុយបា បានតែចំនួន 1000 ដុល្លារក្នុងមនុស្សម្នាក់ ក្នុងមួយត្រីមាស ហើយការផ្លាស់ប្តូរផ្សេងទៀត សំដៅលើការ បញ្ចប់ការប្រើប្រាស់ប្រតិបត្តិការ ដែលសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យទីក្រុងឡាហាវ៉ាន់ បញ្ចៀសការដាក់ទណ្ឌកម្ម និងទប់ស្កាត់ប្រទេសនេះ មិនអោយទទួលបានរូបិយប័ណ្ណរឹង។
គួរបញ្ជាក់ថា ការផ្ទេរប្រាក់ពីសហរដ្ឋអាមេរិកបានកើនឡើង ចាប់តាំងពីលោកអូបាម៉ា បានចាប់ផ្តើមបន្ថយ ការដាក់សំពាធលើប្រទេសនេះ កាលពីឆ្នាំ 2009 ដែលបានក្លាយជាផ្នែកមួយដ៏សំខាន់ នៃសេដ្ឋកិច្ចគុយបា និងជំរុញការរីកចម្រើនលើវិស័យឯកជនតាមរយៈការផ្តល់ដើមទុនចាប់ផ្តើមអាជីវកម្ម។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកបាននិយាយថាខ្លួនក៏នឹងរឹតបន្តឹងការធ្វើដំណើរ « មិនមែនគ្រួសារ» របស់ជនជាតិអាមេរិក ទៅកាន់ប្រទេសគុយបា និងបានលើកឡើងពីក្រុមហ៊ុនអាកាសចរគុយបា អ៊ែរ៉ូហ្គា វ៉ាយអឺតា Aerogaviota ដែលគ្រប់គ្រងដោយយោធា ថាជាក្រុមហ៊ុនមួយ ស្ថិតក្នុងចំណោមឈ្មោះ ក្រុមហ៊ុន ទាំង 5 ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលគុយបា ដែលត្រូវ បាន រារាំង នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការទាក់ទាញការវិនិយោគបរទេសថ្មីៗ បានប្រកាសថា សហរដ្ឋ អាមេរិកធ្វើបែបនេះ ដូចជាការវាយប្រហារ លើច្បាប់អន្តរជាតិ៕