ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកម្ពុជា បានតាមប្រមាញ់ និងឃាត់ខ្លូនមនុស្ស ៧នាក់ និងថ្នាំញៀនចំនួន ៦ក្រាម បន្ទាប់ពីភាគីវៀតណាម បានជូនដំណឹងពីករណីចាប់ខ្លួនជាជនជាតិវៀតណាម ម្នាក់ ដែលជាបក្ខពួកអ្នកទាំង ៧នាក់ខាងលើ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនឆ្លងដែន ដោយរឹបអូសបានថ្នាំញៀន ៦៣គីឡូក្រាម នៅក្បែរព្រំដែនប្រទេសកម្ពុជា។
ហេតុការណ៍ បានកើតឡើកាលពីសប្តាហ៍មុន នៅក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង តែសមត្ថកិច្ចទើបបង្ហាញមុខជនសង្ស័យនៅថ្ងៃទី១៩ ខែឧសភា នេះ ដោយសារភាគីវៀតណាម កំពុងបន្តស្វែងរកចាប់ខ្លួនមេខ្លោងមិនទាន់បាននៅឡើយ។
បើតាមសមត្ថកិច្ចការពារព្រំដែនបានបង្ហើបឲ្យដឹងថា ក្រុមជនសង្ស័យនៅកម្ពុជា បានជញ្ជូនគ្រឿងញៀនទាំងនោះពីរាជធានីភ្នំពេញ មកឆ្លងកាត់ស្រុកស្វាយជ្រំ បន្តឆ្ពោះទៅប្រទេសវៀតណាម តាមព្រំដែនឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទៅឲ្យបក្ខពួកជាជនជាតិវៀតណាម នៅចំណុចភូមិចូវម៉ាយ ឃុំទៀងប៊ិញ ស្រុកវិញហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម។
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចកម្ពុជា បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិកម្ពុជាចំនួន ៧នាក់ រួមទាំងវត្ថុតាងថ្នាំញៀនចំនួន ៦ខាំ ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី ចំណែកភាគីវៀតណាម ក៏បានបញ្ជូនជនសង្ស័យម្នាក់ និងថ្នាំញៀន ៦៣គីឡូក្រាម ទៅឲ្យតុលាការរបស់ខ្លួនចាត់ការផ្លូវច្បាប់ដូចគ្នាដែរ៕