កម្ពុជា ជំរុញបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ពិសេសក្នុងសិប្បកម្មផលិតឥដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2019 ក+ ក-

ដោយ ៖ សហការី

ភ្នំពេញ ៖ ពលកម្មកុមារ គឺជាបាតុភូតសង្គមដ៏ស្មុគស្មាញ ដែលមានទំនាក់ទំនងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ចសង្គមកម្ពុជា និងឥរិយាបថសហគមន៍។ ភាពក្រីក្រ និងការមិនយល់ដឹង របស់សហគមន៍ ដែលមានកម្រិតទាប គឺជាមូលហេតុចម្បងដែលនាំឱ្យមានពលកម្មកុមារ។រាជរដ្ឋាភិបាលមានឆន្ទះក្នុងការបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ជាពិសេសនៅក្នុងសិប្បកម្មផលិតឥដ្ឋ។

ដើម្បីគ្រប់គ្រង និង អភិវឌ្ឍវិស័យសិប្បកម្មផលិតឥដ្ឋ ឱ្យមានបទដ្ឋានការងារល្អប្រសើរ និងធានានិរន្តរភាព នៃការលុបបំបាត់ពលកម្មកុមារ នៅក្នុងវិស័យនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាស្តីពី យុទ្ធនាការ វិធានការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅតាមបណ្តារាជធានី\ខេត្ត នៅទីស្តីការក្រសួង។

លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កុមារ គឺជាធនធានមនុស្សដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ដើម្បីឱ្យធនធានមនុស្សប្រកបដោយសក្តានុពល ការផ្តល់កិច្ចការពារ និងការអភិវឌ្ឍកុមារ គឺជាភារកិច្ចយ៉ាងសំខាន់ ដែលតម្រូវឱ្យមានការអនុវត្ត តាមបែបពហុវិស័យបញ្ចូលគ្នា។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារជាបញ្ហាដ៏សំខាន់មួយ នៅក្នុងចំណោមបញ្ហាសំខាន់ជាច្រើនរបស់កម្ពុជា ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងដំណើឆ្ពោះទៅបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព២០១៥-២០៣០។

លោក វ៉េង ហៀង អគ្គលេខាធិការ និងជាប្រធាននាយកដ្ឋានការងារកុមារ បានឲ្យដឹងថា ចំនួនពលកម្ម នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតម្រូវការ នៃវិស័យសំណង់នាពេលបច្ចុប្បន្ន ដែលទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមពង្រឹងយន្តការការពារ ទប់ស្កាត់ និងហាមឃាត់ជាដាច់ខាត ចំពោះការប្រើប្រាស់ពលកម្មកុមារ។

លោក វ៉េង ហៀង បញ្ជាក់ថា បើសិនជារកឃើញថា មានសិប្បកម្ម ឬ ទីតាំងណា មានប្រើប្រាស់កម្លាំងពលកម្មកុមារ នឹងត្រូវអនុវត្តវិធានការផ្លូវច្បាប់ជាធរមាន ដោយមិនមានការអត់អោន។

សូមបញ្ជាក់ថា ចំនួនសិប្បកម្មផលិតឥដ្ឋ មានការកើនឡើង ពីចំនួន៧៨នៅឆ្នាំ២០០៤ ដល់ចំនួន៣៧៩ នៅឆ្នាំ២០១៦ ហើយបានកើនដល់ចំនួន ៤២៧ សិប្បកម្មផលិតឥដ្ឋ នៅឆ្នាំ២០១៩។ ជាមួយគ្នានេះ គេក៏បានរកឃើញថា មានកុមារដែលច្បាប់អនុញ្ញាតិ ឱ្យធ្វើការបាន ពោលគឺ ចាប់ពីអាយុ១៥ឆ្នាំឡើង ទៅមានចំនួន៣៩៤នាក់ កំពុងធ្វើការក្នុងសិប្បកម្មលផលិតឥដ្ឋ ប៉ុន្តែក៏អាចនឹងមានកុមារក្រោមអាយុ១៥ឆ្នាំធ្វើការផងដែរ ដោយសារពួកគេរស់នៅក្នុងសហគមន៍ផលិតឥដ្ឋបែបគ្រួសារ៕