មេប៉ុស្តិ៍ពាមប្រធ្នោះ ​ត្អូញថា រឿងហូបនំបញ្ចុក លោកធ្វើតាមបញ្ជាសោះបែរជាខុស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2019 ក+ ក-

កំពង់ចាម ៖លោកវរសេនីយ៍ឯក ហេង ប៊ុនថន នាយប៉ុស្តិ៍រដ្ឋបាលឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោយពីដឹកនាំកម្លាំងប៉ុស្ត៍ចុះទៅរារាំង ការប្រមូលផ្តុំរបស់បងប្អូនប្រជាពលរដ្ឋហូបនំបញ្ចុក នៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ បានបង្កភ្ញាក់ផ្អើល ក្នុងបណ្តាញសង្គម មានមតិរិះគន់ មានមតិស្រប ហើយត្រូវបានលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដកតំណែងមេប៉ុស្តិ៍ទៅបញ្ឈរជើងនៅស្នងការខេត្ត។

ខណៈដែលមានការដកតំណែងនេះ លោក ហេង ប៊ុនថន មេប៉ុស្តិ៍ពាមប្រធ្នោះ ស្រែកថា ជារឿងអយុត្តិធម៌ ខណៈដែលលោកចុះទៅពិនិត្យ និងរារាំងពលរដ្ឋរឿងហូបនំបញ្ចុកនោះ គឺធ្វើតាមបញ្ជារបស់លោកវរសេនីយ៍ឯក អ៊ឺម ឃឿន អធិការស្រុកកោះសូទិន ជាអ្នកបញ្ជាឲ្យលោកចុះទៅ មិនមែនលោកចុះទៅស្រេចតែអំពើចិត្តលោកឡើយ ចុះហេតុអ្វី អ្នកបញ្ជាអត់មានកំហុស បែរជាមកខុសអ្នកទទួលបទបញ្ជាទៅវិញ? ។

គួរជម្រាបថា អនុសេនីយ៍ឯក ហេង ប៊ុនថន អត្តលេខ៤៨៣០២ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ចូលបម្រើការងារជានគរបាលជាតិនៅឆ្នាំ១៩៩៣ ។

មជ្ឈដ្ឋានដែលបានដឹងរឿងនេះ បានលើកឡើងថា លោកមេប៉ុស្តិ៍ ហេង ប៊ុនថន គ្រាន់តែអនុវត្តន៍ តាមបទបញ្ជារបស់លោក អ៊ឺម ឃឿន អធិការស្រុកកោះសូទិន ទោះជាប្រកែកក៏មិនបានព្រោះជាបទបញ្ជារបស់ថ្នាក់លើ លុះដល់ពេលផ្ទុះរឿង កំហុសធ្លាក់មកលើ រូបលោកទៅវិញ ឯអ្នកបញ្ជារួចខ្លួនស្ងាត់ឈឹង នេះជាមេរៀនមួយសម្រាប់មេប៉ុស្តិ៍រដ្ឋបាលទាំងឡាយ ៕        (រូបលើ ៖លោក ហេង ប៊ុនថន  រូបខាងក្រោម លោក អ៊ឺម ឃឿន អធិការស្រុកកោះសូទិន)