ACU បន្តស៊ើបអង្កេតអតីតមេប៉េអឹម គឹម រស្មី ពីបទល្មើសព្រៃឈើ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2019 ក+ ក-

ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅថ្ងៃទី ២៨ ខែមិថុនា នេះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីលោក គឹម រស្មី អតីតមេប៉េអឹម ខេត្តរតនគិរី នៅជាប់ការស៊ើបអង្កេតមួយករណីផ្សេងទៀត គឺពាក់ព័ន្ធបទល្មើសព្រៃឈើ ក្រៅពីរឿង សំញ៉ែងទ្រព្យដែលលោកចែកសែកឱ្យកូន៥នាក់ ម្នាក់ៗ ១០ម៉ឺនដុល្លារ។

លោក ឱម យ៉ិនទៀង បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ កំពុងបន្តស៊ើបអង្កេតលើអតីត មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌកម្លាំងប្រដាប់ បន្ទាប់ ពីលោកបានសំញ៉ែងទ្រព្យសម្បត្តិ ដោយចែកសែក៥សន្លឹក ស្មើនឹង៥០ម៉ឺនដុល្លារ ដល់កូនៗចំនួន ៥នាក់ កាលពីអំឡុងខែកម្ភៈ ដើមឆ្នាំនេះ គឺពាក់ព័ន្ធនឹងករណីបទល្មើសព្រៃឈើ។

គួររំឭកថា ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ត្រូវបានលុបឈ្មោះចេញ ពី ក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីធ្លាយវីដេអូចែកប្រាក់ដល់កូនៗ ចំនួន៥នាក់ ដោយ ម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារអាមេរិក នៅក្នុងពិធីខួបកំណើត កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា ឯកសាររបស់លោក គឹម រស្មី ត្រូវបានអង្គភាពប្រឆាំងអំពើពុក រលួយ បង្កើតក្រុមការងារស៊ើបអង្កេតចំនួន ៦ក្រុម និងបានស៊ើបលើប្រពន្ធ និងកូនរបស់លោក គឹម រស្មី តែរកមិនឃើញបទល្មើសអ្វី ក្រៅពីការសំញ៉ែងទ្រព្យសម្បត្តិនោះឡើយ តែអង្គភាព ACU នៅបន្តស៊ើបអង្កេតមួយផ្សេងទៀត លើលោក គឹម រស្មី គឺពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ៕