រដ្ឋាភិបាលសម្រេចមោឃភាពលិខិតបើកផ្លូវដឹកជញ្ជូនឈើទាំងអស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវសេចក្តីសម្រេច ៥ចំណុចប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើដែលក្នុងនោះ រួមមានការមោឃភាពលិខិតបើកផ្លូវដឹកឈើទាំងអស់ មុននឹងសម្រេចឱ្យរៀបស្នើសុំ និងអនុញ្ញាតជាថ្មីដោយថា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

( សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA )

ក្នុងលិខិតចុះថ្ងៃទី២៦ ខែសីហា នេះ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីលោក ហ៊ឹង ថូរ៉ាក់ស៊ី បានសម្រេចតាមចំណាររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបញ្ជាដល់ក្រសួងកសិកម្ម និងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធម្មជាតិ ឱ្យធ្វើលុបចោលលិខិតបើកផ្លូវដឹកឈើ និងអនុផលព្រៃឈើទាំងអស់ រួមទាំងឈើដែលដឹកចេញពីដីសម្បទានផងដែរ ដើម្បីរៀបចំលិខិតអនុញ្ញាតថ្មី។ បន្ថែមពីនេះទៀត រដ្ឋាភិបាលក៏សម្រេចដកសិទ្ធិពីក្រុមហ៊ុនដែលមិនគោរពច្បាប់ផងដែរ។

ក្នុងលិខិតដដែល ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានសម្រេចផងដែរឱ្យអាជ្ញាធរមានវិធានការបង្កកទ្រព្យសម្បត្តិរបស់ជនល្មើសដែលពាក់ព័ន្ធបទលើ្មសព្រៃឈើ និងចារឈ្មោះលើផ្ទាំងថ្មចំណាំនៅក្បែរកន្លែងដាក់គំនររថយន្តដឹកជញ្ជូនឈើផងដែរ។

អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី មានប្រសាសន៍ថា ក្រោយមានលិខិតនេះ កងកម្លាំងគណៈកម្មាការទប់ស្កាត់បទល្មើសព្រៃឈើ នឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យលើព្រៃសម្បទាន និងការដឹកជញ្ជូនឈើទាំងអស់ផងដែរ ប៉ុន្តែ សម្រាប់ការចាប់ ឬឃាត់នោះ លោកថា អាស្រ័យលើការសម្រេចរបស់ជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថានប៉ុណ្ណោះ។

លោក អេង ហ៊ី ៖ «យើងធ្វើតាមជំនាញ ជំនាញគាត់(រដ្ឋបាលព្រៃឈើ ឬក្រសួងបរិស្ថាន)មើលឃើញថា គាត់ធ្វើហើយថា មានលិខិតអនុញ្ញាត។ អាហ្នឹងយើងធ្វើតាមហ្នឹង យើងមិនអាចកាត់មុខជំនាញរបស់គាត់ទេ»។

ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានឆ្លើយតបទៅនឹងសំណួររបស់ VOD តាមបណ្ដាញទំនាក់ទំនង WhatsAppថា ចំពោះរឿងនេះ ក្រសួងនៅមិនទាន់សម្រេចយ៉ាងណានោះទេ។

លោក វេង សាខុន ប្រាប់ថា៖ «យើងកំពុងធ្វើកិច្ចការនេះយ៉ាងប្រយ័ត្នប្រយែងបំផុត។ មិនទាន់មានការសម្រេចយ៉ាងណាទេ»។

ប្រធានកម្មវិធីអនុផលព្រៃឈើនៃអង្គការ NTFP លោក ស៊ឹម ប៊ុនធឿន មានប្រសាសន៍ថា ការប្រមូលអនុផលព្រៃឈើ វាមិនប៉ះពាល់ដល់បរិស្ថានថែមទាំងជួយដល់ព្រៃឈើវិញផង តែលោកការសម្រេចនេះប្រហែលជាមកពីការក្ដោបន័យរួមរបស់ឈើប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោកមិនទាន់ទទួលព័ត៌មានពីក្រសួងកសិកម្មក្នុងការធ្វើមោឃភាពលិខិតបើកផ្លូវដឹកជញ្ជូនអនុផលនេះនៅឡើយទេ។

លោក ស៊ឹម ប៊ុនធឿន ប្រាប់ថា ៖ « ការលុបចោលដោយសារតែវាក្ដោបន័យទាក់ទងនឹងរឿងឈើទេណា! អញ្ចឹងបើក្រៅពីឈើខ្ញុំគិតថា ខ្ញុំអាចដាក់សំណើសាជាថ្មីបាន ដោយសារយើងសហគមន៍ជនជាតិដើមភាគតិចយើងត្រូវការឱ្យគាត់មានសេរីភាពក្នុងការធ្វើអាជីវកម្មខ្នាតតូចរបស់គាត់ទាក់ទងនឹងការធ្វើអនុផលព្រៃឈើទាំងអស់ហ្នឹង!»។

សកម្មជនបរិស្ថាន លោក សាន ម៉ាឡា មានប្រសាសន៍ថា ការសម្រេចរបស់រដ្ឋាភិបាលនេះ សបញ្ជាក់ឱ្យឃើញថា ការលើកឡើងពីបញ្ហានេះដោយសង្គមស៊ីវិល និងសកម្មជនបរិស្ថានពីការលួចកាប់ឈើក្រោមរូបភាពសម្អាតដីសម្បទាន គឺជាការពិត ខណៈរដ្ឋនៅមិនទាន់ច្បាស់លាស់ក្នុងការគ្រប់គ្រងព្រៃឈើនៅឡើយ។

លោក សាន ម៉ាឡា ៖ «ខ្ញុំគិតថា យើងមិនគួរមោឃភាពចោលទទេរដោយគ្មានការស៊ើបអង្កេតថា ការចេញលិខិតអនុញ្ញាតកាលពីកន្លងមកថាមានភាពមិនប្រក្រតីអីខ្លះ ហើយអាចមានការឃុបឃិតគ្នាដែរឬទេក្នុងការចេញលិខិតទាំងអស់ហ្នឹង មានការឃុបឃិតគ្នាដែរឬទេការនាំចេញឈើដោយខុសច្បាប់»។

លោកមិនយល់ថា វិធានការរបស់រដ្ឋាភិបាលនៅពេលនេះ អាចមានប្រសិទ្ធភាពនោះទេ ដោយសារការអនុវត្តន៍ពីមុនៗ គឺរឿងនេះនៅកើតមានឡើងដដែល។

លោកឱ្យជាយោបល់ថា ដើម្បីទប់ស្កាត់បញ្ហាកាប់បំផ្លាញព្រៃឈើនេះ រដ្ឋាភិបាលគួរតែបើកចំហរឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងការទទួលយោបល់ និងគាំទ្រដល់សង្គមស៊ីវិលក្នុងការដោះស្រាយបញ្ហានេះ។ លើសពីនេះ លោកថា រដ្ឋាភិបាលគួរទទួលយកភស្ភុតាងដែលរកឃើញដោយសកម្មជនបរិស្ថាន នឹងធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធិភាព ជាជាងច្រានចោលដូចដែលធ្លាប់ធ្វើរាល់ដងនោះ៕ ប្រភព ៖ VOD